ជំពូកទី 3
នីតិសិទ្ធិប្រត្យក្ស (1) ― នីតិសិទ្ធិប្រត្យក្សទូទៅ
I. ទិដ្ឋភាពទូទៅនៃនីតិសិទ្ធិប្រត្យក្ស
1. «វត្ថុ» ក្នុងនាមទ្រព្យធនសកម្ម និង សិទ្ធិប្រត្យក្ស
2. និយមន័យនៃសិទ្ធិប្រត្យក្ស និង គោលការណ៍កំណត់សិទ្ធិប្រត្យក្សដោយច្បាប់
3. ប្រភេទនៃសិទ្ធិប្រត្យក្ស
4. ការប្រៀបធៀបនីតិសិទ្ធិប្រត្យក្សទូទៅ និង នីតិសិទ្ធិប្រាតិភោគប្រត្យក្ស
II. ចំណុចសំខាន់នៃនីតិសិទ្ធិប្រត្យក្សទូទៅដែលត្រូវសិក្សា
1. សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស
2. ការផ្លាស់ប្តូរសិទ្ធិប្រត្យក្ស
3. កម្មសិទ្ធិ
4. សិទ្ធិប្រត្យក្សប្រើប្រាស់អាស្រ័យផលក្រៅពីកម្មសិទ្ធិ
5. សិទ្ធិកាន់កាប់
I. ទិដ្ឋភាពទូទៅនៃនីតិសិទ្ធិប្រត្យក្ស
1. «វត្ថុ» ក្នុងនាមទ្រព្យធនសកម្ម និង សិទ្ធិប្រត្យក្ស
ក្រមរដ្ឋប្បវេណីបានបញ្ញត្តដោយបែងចែកសិទ្ធិដែលយើងមានជា សិទ្ធិចំពោះវត្ថុ និង សិទ្ធិចំពោះបុគ្គល។ សិទ្ធិចំពោះវត្ថុមានកំណត់ក្នុងគន្ថីទី2 សិទ្ធិប្រត្យក្ស នៃក្រមរដ្ឋប្បវេណី ហើយហៅថា នីតិសិទ្ធិប្រត្យក្ស។
ដើម្បីធ្វើឱ្យងាយស្រួលយល់ដល់អ្នកដែលសិក្សាផ្នែកសេដ្ឋកិច្ច និង ផ្នែកគណនេយ្យ ខ្ញុំសូមរៀបរាប់អំពីទ្រព្យធនសកម្មជាមុន។ ឧទាហរណ៍ ពាក្យថា ទ្រព្យធនសកម្មនៅក្នុងផ្នែកគណនេយ្យ គឺសំដៅទៅលើសមត្ថភាពក្នុងការរកចំណូលនាពេលអនាគតរបស់ក្រុមហ៊ុន ប៉ុន្តែ នៅទីនេះយើងមិនពិចារណាពិបាកបែបនេះទេ ហើយសូមអ្នកទាំងអស់គ្នាគិតថា ជាគោលការណ៍ គឺសំដៅទៅលើទ្រព្យសម្បត្តិដែលបុគ្គលម្នាក់មាន។ ទ្រព្យសម្បត្តិរបស់បុគ្គលអាចមាន អចលនវត្ថុដូចជា អគារ និង ដី, និងចលនវត្ថុដូចជា គ្រឿងសង្ហារឹម គ្រឿងអលង្ការ ផ្ទាំងគំនូរ, ព្រមទាំងសិទ្ធិលើបំណុលក្នុងទម្រង់ដូចជា ប័ណ្ណភាគហ៊ុន គណនីត្រូវទទួល ប្រាក់កម្ចី និង ប្រាក់សន្សំក្នុងកុងធនាគារ ជាដើម។ ក្រៅពីនេះ ក៏មានសាច់ប្រាក់សុទ្ធផងដែរ។ ក្នុងចំណោមវត្ថុខាងលើនេះ ចំពោះចលនវត្ថុ និង អចលនវត្ថុដែលមានរូបរាង ហៅថា «វត្ថុ» ក្នុងន័យក្រមរដ្ឋប្បវេណី (និយមន័យនៃវត្ថុ មាននៅក្នុងមាត្រា85 នៃបទប្បញ្ញត្តិទូទៅ ក្រមរដ្ឋប្បវេណី) (⇒ ពាក្យគន្លឹះ: វត្ថុចម្បង និង វត្ថុចំណុះ, វត្ថុដើម និង ផល)។ ហើយសិទ្ធិគ្រប់គ្រងដោយផ្ទាល់ចំពោះវត្ថុប្រភេទនេះរបស់បុគ្គលហៅថា «សិទ្ធិប្រត្យក្ស»។ មានន័យថា នៅក្នុងនីតិសិទ្ធិប្រត្យក្សមិនបានកំណត់អំពីវត្ថុណាដែលនឹងក្លាយទ្រព្យធនសកម្មនោះទេ ប៉ុន្តែ កំណត់អំពីទម្រង់នៃសិទ្ធិគ្រប់គ្រងដែលបុគ្គលមានចំពោះវត្ថុ។
ដោយឡែក នៅក្នុងក្រមរដ្ឋប្បវេណីជប៉ុនបានចាត់ទុកថា ដី និង អគារនៅលើដីនោះ គឺជាអចលនវត្ថុឯករាជ្យពីគ្នា (ក៏មានប្រទេសផ្សេងដែលចាត់ទុកថាជាវត្ថុតែមួយផងដែរ)។ ហើយផ្ទុយពីនេះ ជាគោលការណ៍ ដើមឈើនៅលើដីនោះគឺជាផ្នែកមួយនៃដី (វត្ថុភ្ជាប់នៅក្នុងមាត្រា86។ ត្រូវចាត់ទុកថាអចលនវត្ថុ) ហើយវាអាចក្លាយជាកម្មវត្ថុនៃការធ្វើជំនួញឯករាជ្យ ដោយតម្រូវឱ្យមានតែឆន្ទៈរបស់ភាគី និង ការកំណត់របស់ច្បាប់ប៉ុណ្ណោះ។
ពាក្យគន្លឹះ: វត្ថុចម្បង និង វត្ថុចំណុះ, វត្ថុដើម និង ផល
ក្នុងករណីដែលវត្ថុ 2 មានទំនាក់ទំនងជាចម្បង និង ចំណុះជាលក្ខណៈសត្យានុម័ត និង សេដ្ឋកិច្ច(ឧទាហរណ៍ ផ្ទះ និង គ្រឿងសង្ហារឹមនៅខាងក្នុងជាដើម) ហៅថា វត្ថុចម្បង និង វត្ថុចំណុះ ហើយនៅក្នុងទំហំដែលមិនធ្វើឱ្យប៉ះពាល់សិទ្ធិរបស់អ្នកដទៃ វាសនាគតិយុត្តរបស់វត្ថុចំណុះត្រូវអនុលោមតាមវត្ថុចម្បង (ឧទាហរណ៍ បើសិនជាវត្ថុចម្បងត្រូវបានលក់ វត្ថុចំណុះត្រូវបានលក់ដូចគ្នា)។ វត្ថុចម្បង និង វត្ថុចំណុះត្រូវស្ថិតនៅក្រោមកម្មសិទ្ធិករតែមួយ ហើយវត្ថុចំណុះត្រូវតែជាវត្ថុដែលឯករាជ្យពីវត្ថុចម្បង (ទ្វារ និង ទ្វារសំណាញ់ខាងក្រៅអគារ គឺនៅជាប់នឹងអគារ ហើយមិនអាចក្លាយជាវត្ថុឯករាជ្យពីអគារដែលជាវត្ថុចម្បងនោះទេ)។
វត្ថុដែលមានប្រយោជន៍សេដ្ឋកិច្ចកើតចេញពីវត្ថុអ្វីមួយ ហៅថា ផល។ ហើយវត្ថុដែលបង្កើតផល ហៅថា វត្ថុដើម។ សូមចំណាំថា ពាក្យថា ផល មិនមែនសំដៅតែទៅលើផលជាផ្លែផ្កានោះទេ។ ផលដែលកើតចេញពីធម្មជាតិ ឬ សកម្មភាពមនុស្ស តាមរយៈវិធីប្រើវត្ថុដើមបែបសេដ្ឋកិច្ច ហៅថា ផលធម្មជាតិ (ដូចជា ស៊ុត ផ្លែឈើ រោមចៀម គ្រួស រ៉ែ និង ខ្សាច់ ជាអាទិ៍។ មាត្រា88 កថាខណ្ឌទី1) ចំណែកឯ ប្រាក់ ឬ វត្ថុផ្សេងទៀត ដែលទទួលបានក្នុងនាមជាតម្លៃតបទៅនឹងការប្រើប្រាស់វត្ថុដើម ហៅថា ផលស៊ីវិល (ដូចជា ថ្លៃឈ្នួល ការប្រាក់ ជាអាទិ៍។ មាត្រា88 កថាខណ្ឌទី2)។
2. និយមន័យនៃសិទ្ធិប្រត្យក្ស និង គោលការណ៍កំណត់សិទ្ធិប្រត្យក្សដោយច្បាប់
ចំពោះនិយមន័យនៃសិទ្ធិប្រត្យក្ស យើងបានរៀបរាប់ដោយសង្ខេបរួចហើយ (ជំពូកទី1)។ ឧទាហរណ៍ យើងមានកម្មសិទ្ធិលើនាឡិកាដៃមួយ ក្នុងករណីនេះ យើងអាចប្រើប្រាស់នាឡិកានោះដោយសេរី និង ទទួលផល ព្រមទាំងចាត់ចែងផងដែរ។ ហើយ «សិទ្ធិដែលបុគ្គលអាចគ្រប់គ្រងដោយចំពោះលើវត្ថុអ្វីមួយ» ហៅថា «សិទ្ធិប្រត្យក្ស»។ អាស្រ័យហេតុនេះ នៅក្នុងសិទ្ធិប្រត្យក្សជាសិទ្ធិដែលអាចគ្រប់គ្រងដោយផ្ទាល់លើវត្ថុអ្វីមួយ ប្រាកដជាមានលក្ខណៈដែលហាមមិនឱ្យអ្នកដទៃមករំខានដល់ការគ្រប់គ្រងវត្ថុនោះ និង លក្ខណៈដែលអាចអះអាងចំពោះបុគ្គលគ្រប់រូបទូទាំងពិភពលោក។ នេះហៅថា លក្ខណៈផ្តាច់មុខ ឬ លក្ខណៈដាច់ខាតនៃសិទ្ធិប្រត្យក្ស។ ហើយសិទ្ធិដែលអាចអះអាងចំពោះបុគ្គលគ្រប់រូបទូទាំងពិភពលោកបែបនេះ មានឥទ្ធិពលដល់បុគ្គលជុំវិញខ្លួន ហេតុនេះហើយ បុគ្គលម្នាក់ៗមិនអាចបង្កើតខ្លឹមសារនៃសិទ្ធិប្រត្យក្សនេះតាមចិត្តឯងនោះទេ។ ដូចនេះ ក្រមរដ្ឋប្បវេណី មាត្រា175 បានកំណត់ថា «សិទ្ធិប្រត្យក្សអាចបង្កើតបាន តែតាមខ្លឹមសារដែលមានកំណត់នៅក្នុងច្បាប់នេះ ឬ ច្បាប់ផ្សេងទៀតប៉ុណ្ណោះ»។ នេះមានន័យថា ភាគីមិនអាចបង្កើតប្រភេទនៃសិទ្ធិប្រត្យក្សតាមរយៈកិច្ចសន្យាជាដើម ដែលខុសទៅនឹងប្រភេទនៃសិទ្ធិប្រត្យក្សដែលបានកំណត់ក្នុងក្រមរដ្ឋប្បវេណី ឬ ច្បាប់ផ្សេងទៀតនោះទេ ហើយខ្លឹមសារនៃសិទ្ធិប្រត្យក្សមិនអាចខុសទៅនឹងអ្វីដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណី ឬ ច្បាប់ផ្សេងទៀតនោះទេ។ នេះហៅថា គោលការណ៍កំណត់សិទ្ធិប្រត្យក្សដោយច្បាប់។ ដូចនេះ បញ្ញត្តិអំពីប្រភេទ និង ខ្លឹមសារនៃសិទ្ធិប្រត្យក្ស គឺជាបញ្ញត្តិដែលអនុវត្តដោយបង្ខំ ដែលមិនអាចធ្វើការផ្លាស់ប្តូរតាមឆន្ទៈរបស់ភាគីបានឡើយ។ នេះគឺជាចំណុចដែលខុសគ្នាទាំងស្រុងពីសិទ្ធិលើបំណុល ដែលភាគីអាចបង្កើតបានដោយសេរីតាមរយៈកិច្ចសន្យាបាន (ចំពោះសិទ្ធិលើបំណុល ភាគីអាចបង្កើតខ្លឹមសារនៃសិទ្ធិលើបំណុលរាប់ពាន់រាប់ម៉ឺនរូបភាពខុសគ្នាតាមរយៈកិច្ចសន្យាបាន ដរាបណាមិនផ្ទុយទៅនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ។ ដោយសារតែ សិទ្ធិលើបំណុលមានអានុភាពមិនដាច់ខាត ដោយមានចំណងរវាងភាគីតែប៉ុណ្ណោះ ហេតុនេះហើយ ភាគីអាចបង្កើតបានដោយសេរី)។
3. ប្រភេទនៃសិទ្ធិប្រត្យក្ស
(1) កម្មសិទ្ធិ
ឥលូវនេះ យើងនឹងមើលអំពីប្រភេទនៃសិទ្ធិប្រត្យក្សដែលត្រូវបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី (ប្រភេទនៃសិទ្ធិគ្រប់គ្រងចំពោះវត្ថុរបស់បុគ្គល)។ កម្មវត្ថុដែលតំណាងឱ្យសិទ្ធិប្រត្យក្សគឺ កម្មសិទ្ធិ (មាត្រា206)។ កម្មសិទ្ធិករនៃនាឡិកាអាចប្រើប្រាស់ អាស្រ័យផល និង ចាត់ចែងនាឡិកានោះ ដោយចិត្តឯង និង ដោយសេរីបាន។ នេះមានន័យថា កម្មសិទ្ធិ គឺជាទម្រង់មួយនៃសិទ្ធិប្រត្យក្សជាសកលយ៉ាងពេញលេញ។ ហេតុនេះ យើងនឹងមើលបន្តថា តើសិទ្ធិប្រត្យក្សណាខ្លះដែលគ្មានទម្រង់ជាសកលយ៉ាងពេញលេញ?
(2) សិទ្ធិប្រត្យក្សដែលត្រូវបានកម្រិតក្រៅពីកម្មសិទ្ធិ
ឧទាហរណ៍ ចំពោះវត្ថុដែល A មានកម្មសិទ្ធិលើក៏ដោយ ក៏ B ដែលជាអ្នកដទៃអាចមានសិទ្ធិមួយផ្នែកទៅលើវត្ថុនោះដែរ។ ចំណុចដែលត្រូវចំណាំនៅទីនេះគឺ ដើមឡើយសិទ្ធិប្រត្យក្សប្រភេទដូចគ្នាមិនអាចមាននៅលើវត្ថុតែមួយនោះទេ (គោលការណ៍សិទ្ធិមួយលើវត្ថុមួយ)។ ឧទាហរណ៍ បងប្អូន 2នាក់ មានកម្មសិទ្ធិលើវត្ថុតែមួយ ក្នុងករណីនេះ បងប្អូននោះមានកម្មសិទ្ធិអវិភាគរួមគ្នាលើវត្ថុតែមួយ មិនមែនមានកម្មសិទ្ធិម្នាក់មួយនោះទេ។ ហើយកម្មសិទ្ធិដែលមានតែមួយលើវត្ថុមួយ អាចកាត់ផ្តាច់នូវមុខងារណាមួយ ក្នុងចំណោមមុខងារនៃកម្មសិទ្ធិដែលមានការប្រើប្រាស់ ការអាស្រ័យផល និង ការចាត់ចែង ទៅឱ្យបុគ្គលដទៃកាន់បាន (កម្មសិទ្ធិករលើដីគឺជា A ប៉ុន្តែ សិទ្ធិប្រើប្រាស់ដើម្បីដាំដុះនៅលើដីនោះគឺជា B ជាដើម)។ នេះហៅថា សិទ្ធិប្រត្យក្សផ្សេងទៀតក្រៅពីកម្មសិទ្ធិ ឬ សិទ្ធិប្រត្យក្សដែលត្រូវបានកម្រិត។
(3) សិទ្ធិប្រត្យក្សប្រើប្រាស់អាស្រ័យផល
ប្រភេទនៃសិទ្ធិប្រត្យក្សផ្សេងទៀតដែលក្រមរដ្ឋប្បវេណីបានកំណត់រួមមាន សិទ្ធិលើដី ជាសិទ្ធិប្រើប្រាស់ដីអ្នកដទៃដោយសេរី ដូចជាសាងសង់សំណង់អគារនៅលើដីនោះជាដើម (ចាប់ពីមាត្រា265), សិទ្ធិបង្កើនផលអចិន្ត្រៃយ៍ ជាសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃសម្រាប់ដាំដំណាំ ឬ ចិញ្ចឹមសត្វ (ចាប់ពីមាត្រា270), សេវភាព ជាសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃដើម្បីចេញចូល ឬ ទាញយកទឹកជាដើម សម្រាប់ជាប្រយោជន៍ដីរបស់ខ្លួន (ចាប់ពីមាត្រា280), និងសិទ្ធិចំពោះទ្រព្យរួមរបស់សមាជិកនៃសហគមន៍ ជាសិទ្ធិដែលក្រុមមនុស្សជាក់លាក់មួយ អាចប្រើប្រាស់ដីរួមគ្នា (មាត្រា263 និង មាត្រា294)។ សិទ្ធិទាំងនេះគឺជាសិទ្ធិដែលពាក់ព័ន្ធនឹងអចលនវត្ថុ ហើយជាសិទ្ធិប្រត្យក្សដែលត្រូវបានកម្រិតទាំង 4ប្រភេទ សម្រាប់ប្រើប្រាស់វត្ថុរបស់អ្នកដទៃ។ ជាទូទៅ សិទ្ធិទាំងនេះហៅថា សិទ្ធិប្រត្យក្សប្រើប្រាស់អាស្រ័យផល។ នេះមានន័យថា សិទ្ធិប្រត្យក្សប្រើប្រាស់អាស្រ័យផល ត្រូវបានកម្រិតត្រឹមតែខ្លឹមសារនៃការប្រើប្រាស់ និង អាស្រ័យផលលើវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃប៉ុណ្ណោះ និងជាសិទ្ធិប្រត្យក្សដែលត្រូវបានកម្រិតដែលរឹតត្បិតទៅលើកម្មសិទ្ធិត្រឹមកម្រិតនោះ។
(4) សិទ្ធិប្រាតិភោគប្រត្យក្ស
ផ្ទុយពីនេះ ក្រមរដ្ឋប្បវេណីក៏មានកំណត់អំពីខ្លឹមសារនៃសិទ្ធិប្រត្យក្សដែលត្រូវបានកម្រិត ដែលជាសិទ្ធិធានាតែតម្លៃនៃវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃ និង គ្មានការប្រើប្រាស់ជាក់ស្តែងលើវត្ថុនោះ។ ជាក់ស្តែង ម្ចាស់បំណុលក្តោបក្តាប់តម្លៃនៃវត្ថុដែលជាកម្មសិទ្ធិរបស់កូនបំណុល នៅពេលដែលម្ចាស់បំណុលនោះបានឱ្យប្រាក់ទៅកូនបំណុលខ្ចីជាដើម ដើម្បីធានាការប្រមូលសិទ្ធិលើបំណុលរបស់ខ្លួនមកវិញ។ នេះហៅថា សិទ្ធិប្រាតិភោគប្រត្យក្ស (មានន័យថា នៅពេលដែលខ្ចីប្រាក់ កូនបំណុលបានដាក់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីធានា ហើយបើសិនជាមិនអាចសងប្រាក់តាមកំណត់ពេលទេ ម្ចាស់បំណុលអាចលក់វត្ថុដែលបានផ្តល់ជាការធានានោះ ហើយប្រមូលប្រាក់ដែលបានឱ្យខ្ចីនោះពីថ្លៃលក់វត្ថុនោះវិញ។ ទម្រង់នៃការអនុវត្តបែបនេះ គឺជាសិទ្ធិប្រាតិភោគប្រត្យក្ស)។ សិទ្ធិប្រាតិភោគប្រត្យក្សដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណីអាចបែងចែកជា 2 គឺ សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់ក្នុងកិច្ចសន្យា (សិទ្ធិនេះកើតឡើងតាមរយៈកិច្ចសន្យារបស់ភាគី) និង សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់របស់ច្បាប់ (សិទ្ធិនេះត្រូវបានផ្តល់ដោយច្បាប់ ក្នុងករណីដែលស្ថានភាពជាក់លាក់ណាមួយបានកើតឡើង)។ សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់ក្នុងកិច្ចសន្យារួមមាន សិទ្ធិលើការបញ្ចាំ (ចាប់ពីមាត្រា342។ ដោយឡែក សិទ្ធិលើការបញ្ជំា ក៏អាចបង្កើតនៅលើអចលនវត្ថុ និង សិទ្ធិលើបំណុលផងដែរ) ដែលត្រូវបានបង្កើតញឹកញាប់ទៅលើចលនវត្ថុ ពោលគឺទំនិញទូទៅ និង ហ៊ីប៉ូតែក (ចាប់ពីមាត្រា369) ដែលត្រូវបានប្រើប្រាស់ទៅលើអចលនវត្ថុ ពោលគឺដី និង អគារ។ សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់របស់ច្បាប់ រួមមានសិទ្ធិឃាត់ទុក (ចាប់ពីមាត្រា295) និង ឯកសិទ្ធិ (ចាប់ពីមាត្រា303)។
(5) សិទ្ធិកាន់កាប់
ហើយសិទ្ធិមួយទៀតដែលជាមិត្តរបស់សិទ្ធិប្រត្យក្ស គឺ សិទ្ធិកាន់កាប់។ សិទ្ធិដែលត្រូវបានយកមកបញ្ញត្តិដំបូងគេនៅក្នុងគន្ថីស្តីពីសិទ្ធិប្រត្យក្ស ពុំមែនជាបញ្ញត្តិនៃកម្មសិទ្ធិនោះទេ ប៉ុន្តែជាបញ្ញត្តិអំពីសិទ្ធិកាន់កាប់ (សិទ្ធិកាន់កាប់ ត្រូវបានបញ្ញត្តចាប់ពីមាត្រា180) ពីព្រោះ សិទ្ធិនេះមានសារធាតុខ្លះខុសពីសិទ្ធិប្រត្យក្សផ្សេងទៀត។ មានន័យថា សិទ្ធិប្រត្យក្សចាប់ពីកម្មសិទ្ធិទៅ ទោះបីមានលក្ខណៈពេញលេញ ឬមួយផ្នែកក៏ដោយ សុទ្ធតែជាសិទ្ធិដែលមានរូបភាពបង្ហាញអំពីសិទ្ធិអំណាចតាមច្បាប់សារធាតុដែលបុគ្គលមានចំពោះវត្ថុ (សិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្ត) ប៉ុន្តែ សិទ្ធិកាន់កាប់មិនមែនពិចារណាបែបនេះនោះទេ ហើយវាជាប្រព័ន្ធមួយដែលការពារស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងលើវត្ថុនោះនៅពេលបច្ចុប្បន្ន ដោយមិនគិតអំពីម្ចាស់សិទ្ធិតាមច្បាប់សារធាតុនោះទេ (មានពន្យល់នៅពេលក្រោយក្នុងចំណុចទី II 5)។
ដូចនេះ គន្ថីស្តីពីសិទ្ធិប្រត្យក្សក្នុងក្រមរដ្ឋប្បវេណី ត្រូវបានបញ្ញត្តតាមលំដាប់ដែលចាប់ផ្តើមចេញពីសិទ្ធិកាន់កាប់ កម្មសិទ្ធិ សិទ្ធិប្រត្យក្សប្រើប្រាស់អាស្រ័យផល និង សិទ្ធិប្រាតិភោគប្រត្យក្ស។ នៅក្នុងចំណោមសិទ្ធិខាងលើនេះ សិទ្ធិកាន់កាប់ កម្មសិទ្ធិ និងរហូតដល់សិទ្ធិប្រត្យក្សប្រើប្រាស់អាស្រ័យផល នៅក្នុងការសិក្សាផ្នែកច្បាប់ គេហៅថា នីតិសិទ្ធិប្រត្យក្សក្នុងន័យចង្អៀត ឬ នីតិសិទ្ធិប្រត្យក្សទូទៅ។ ចំណែកឯ ការសិក្សាសិទ្ធិប្រាតិភោគប្រត្យក្សវិញ គេបានចាត់ទុកជាផ្នែកឯករាជ្យ ហើយហៅថា នីតិសិទ្ធិប្រាតិភោគប្រត្យក្ស។
4. ការប្រៀបធៀបនីតិសិទ្ធិប្រត្យក្សទូទៅ និង នីតិសិទ្ធិប្រាតិភោគប្រត្យក្ស
នីតិសិទ្ធិប្រត្យក្សទូទៅមានចំណុចពិសេសត្រង់ មានខ្លឹមសារជាលក្ខណៈទ្រឹស្តីច្រើន និងមានមាត្រាដែលជាបញ្ញត្តិដែលអនុវត្តដោយបង្ខំច្រើន។ ចំណែកឯ នីតិសិទ្ធិប្រាតិភោគប្រត្យក្សវិញមានចំណុចពិសេសត្រង់លក្ខណៈមុខងារ និង លក្ខណៈបច្ចេកទេស ដែលអាចនិយាយបានថា ជាផ្នែកមួយដែលមានសារៈសំខាន់បំផុតសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុជាក់ស្តែង (នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុជាក់ស្តែង នីតិសិទ្ធិប្រាតិភោគប្រត្យក្ស និង នីតិសិទ្ធិលើបំណុលទូទៅ បានក្លាយជាបញ្ហាញឹកញាប់ជាងគេ)។ បើនិយាយឱ្យស្រួលយល់ នៅក្នុងនីតិសិទ្ធិប្រត្យក្យទូទៅ យើងនឹងសិក្សាដោយផ្តោតសំខាន់ថា តើសិទ្ធិប្រត្យក្សគឺជាអ្វី? ចំណែកឯ នៅក្នុងនីតិសិទ្ធិប្រាតិភោគប្រត្យក្សវិញ យើងនឹងសិក្សាថា តើសិទ្ធិប្រត្យក្សនេះត្រូវប្រើប្រាស់បែបណា ដើម្បីធានា និងប្រមូល សិទ្ធិលើបំណុលដែលជាប្រាក់កម្ចី ឬ គណនីត្រូវទទួល ជាអាទិ៍។ លើសពីនេះ ប្រសិនបើយើងមិនយល់ដល់ប្រតិបត្តិការជំនួញជាក់ស្តែងទេ យើងនឹងមានភាពលំបាកយ៉ាងខ្លាំងដើម្បីយល់អំពីអត្ថន័យពិតនៃនីតិសិទ្ធិប្រាតិភោគប្រត្យក្ស។ ដូចនេះ នៅក្នុងលំដាប់លំដោយនៃការសិក្សាក្រមរដ្ឋប្បវេណី យើងអាចសិក្សាអំពីនីតិសិទ្ធិប្រត្យក្សទូទៅជាមុនបាន ប៉ុន្តែ នីតិសិទ្ធិប្រាតិភោគប្រត្យក្សវិញ គួរតែទុកក្រោយបន្តិចសិន។ វិធីសាស្ត្រសិក្សាមួយដែលខ្ញុំអាចណែនាំបានគឺ ដំបូងយើងត្រូវយល់អំពីចំណុចជាមូលដ្ឋាននៃនីតិសិទ្ធិប្រត្យក្សទូទៅ ហើយបន្ទាប់មកទៀត ទើបសិក្សាអំពីនីតិសិទ្ធិប្រាតិភោគប្រត្យក្សដែលពាក់ព័ន្ធនឹងសិទ្ធិលើបំណុលទូទៅ។ ហេតុនេះ នៅក្នុងសៀវភៅនេះ ខ្ញុំនឹងបង្ហាញត្រួសៗអំពីនីតិសិទ្ធិប្រាតិភោគប្រត្យក្សនៅក្នុងផ្នែកនេះ ហើយការបកស្រាយលម្អិតនឹងធ្វើឡើងនៅក្នុងជំពូកទី7 បន្ទាប់ពីបានសិក្សាអំពីនីតិសិទ្ធិលើបំណុលរួច។
II. ចំណុចសំខាន់នៃនីតិសិទ្ធិប្រត្យក្សទូទៅដែលត្រូវសិក្សា
1. សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស
ដូចបានរៀបរាប់រួចហើយថា សិទ្ធិប្រត្យក្ស គឺជាសិទ្ធិគ្រប់គ្រងដាច់ខាត និងផ្តាច់មុខលើវត្ថុ ហើយអាចអះអាងចំពោះបុគ្គលគ្រប់រូប។ លើសពីនេះ ក្នុងករណីដែលសិទ្ធិនេះត្រូវបានបំពានដោយបុគ្គលដទៃ យើងអាចទាមទារឱ្យបញ្ឈប់ការបំពាននោះ ទាមទារឱ្យប្រគល់វិញចំពោះវត្ថុដែលបុគ្គលដទៃបានដកហូត និងទាមទារមិនឱ្យកើតមានការបំពាន ដោយផ្អែកលើសារធាតុជាមូលដ្ឋានដែលសិទ្ធិប្រត្យក្សមាន។ នេះហៅថា សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស។ សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្សនេះ គឺជាសិទ្ធិដែលកើតចេញពីការមានសិទ្ធិប្រត្យក្សផ្ទាល់ (ក្នុងករណីនេះ បើសិនជាមានស្ថានភាពនៃការបំពានដែលខុសនឹងច្បាប់ជាសច្ចានុម័ត ម្ចាស់សិទ្ធិអាចអនុវត្តសិទ្ធិទាមទារនេះបាន ដោយមិនតម្រូវឱ្យមានអត្ថិភាពនៃចេតនា ឬ កំហុសរបស់អ្នកបំពាននោះទេ) ហើយខុសគ្នាពីសិទ្ធិទាមទារដោយផ្អែកលើសិទ្ធិលើបំណុល ដែលបុគ្គលណាម្នាក់អាចទាមទារចំពោះបុគ្គលជាក់លាក់ផ្សេងដោយផ្អែកលើកិច្ចសន្យាជាដើម (ឧទាហរណ៍ ការទាមទារថ្លៃលក់ទិញដោយផ្អែកលើកិច្ចសន្យាលក់ទិញ ជាអាទិ៍)។ មានន័យថា បើនិយាយអំពីកម្មសិទ្ធិ កម្មសិទ្ធិករអាចទាមទារឱ្យប្រគល់វិញ បើសិនជាបុគ្គលដទៃបានយកវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនតាមទំនើងចិត្ត (ឬដោយចៃដន្យ) និង អាចទាមទារឱ្យចាកចេញពីដីរបស់ខ្លួន បើសិនជាបុគ្គលដទៃបានចូលមកដោយគ្មានការអនុញ្ញាតជាដើម (សិទ្ធិទាមទារឱ្យបញ្ឈប់ការរារាំងដោយផ្អែកលើកម្មសិទ្ធិ)។ ហើយសូម្បីតែសិទ្ធិប្រត្យក្សដែលត្រូវបានកម្រិតផ្សេងទៀត ដូចជា សិទ្ធិលើដីជាដើម ក៏អាចអនុវត្តសិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស ទៅតាមទំហំនៃសិទ្ធិប្រត្យក្សនីមួយៗផងដែរ (ចំពោះសិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្សនៅក្នុងសិទ្ធិប្រាតិភោគប្រត្យក្សដូចជា ហ៊ីប៉ូតែក ជាអាទិ៍ នឹងមានរៀបរាប់នៅក្នុងជំពូកទី7)។
2. ការផ្លាស់ប្តូរសិទ្ធិប្រត្យក្ស
សិទ្ធិប្រត្យក្ស ទាំងចលនវត្ថុ និង អចលនវត្ថុ អាចត្រូវបានផ្ទេរតាមរយៈកិច្ចសន្យាដូចជា លក់ទិញ និង ប្រទានកម្ម និង អាចត្រូវបានផ្ទេរដោយមូលហេតុសន្តតិកម្មជាដើមផងដែរ។ ចំណុចដែលត្រូវពិភាក្សាធំបំផុតនៅក្នុងនីតិសិទ្ធិប្រត្យក្សទូទៅ គឺការផ្លាស់ប្តូរសិទ្ធិប្រត្យក្សនេះ ពោលគឺ បញ្ហានៅពេលដែលសិទ្ធិប្រត្យក្សផ្ទេរពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ នៅក្នុងចំណុចនេះមានការពិភាក្សាច្រើន និងមានទ្រឹស្តីជាច្រើនត្រូវបានបង្កើតឡើង។ ប៉ុន្តែ អ្នកទើបចាប់ផ្តើមសិក្សាមិនគួរផ្តោតសំខាន់លើការពិភាក្សាទាំងនោះពេកទេ ហើយបែរជាមើលរំលងរចនាសម្ព័ន្ធស្នូលឡើយ។ នៅចំណុចនេះ យើងនឹងសង្កត់ធ្ងន់អំពីរចនាសម្ព័ន្ធជាមូលដ្ឋាននៃបញ្ញត្តិក្នុងក្រមរដ្ឋប្បវេណីជប៉ុន។
(1) គោលការណ៍បង្ហាញជាសាធារណៈ
សិទ្ធិប្រត្យក្សគឺជាសិទ្ធិដែលអាចអះអាងចំពោះបុគ្គលគ្រប់រូប ហេតុនេះហើយ ប្រសិនបើបុគ្គលដែលនៅជុំវិញមិនអាចដឹងថានរណាជាម្ចាស់សិទ្ធិតាមវិធីសាស្ត្រណាមួយនោះទេ បុគ្គលដែលនៅជុំវិញនោះនឹងជួបបញ្ហាលំបាក។ មានន័យថា ចំពោះសិទ្ធិប្រត្យក្សគឺត្រូវតែមានវិធីណាមួយដែលអាចជូនដំណឹងជាសាធារណៈអំពីអត្ថិភាពនៃសិទ្ធិនោះ និយាយជារួមគឺ សិទ្ធិនេះត្រូវតែមានវិធីបង្ហាញជាសាធារណៈ។ គោលគំនិតដែលលើកឡើងថាការផ្លាស់ប្តូរសិទ្ធិប្រត្យក្សត្រូវស្របជាមួយការបង្ហាញជាសាធារណៈ គេហៅថា គោលការណ៍បង្ហាញជាសាធារណៈ។ បច្ចុប្បន្ននេះ ចំណុចដែលតម្រូវឱ្យមានការបង្ហាញជាសាធារណៈនេះ គឺដូចគ្នានៅតាមបណ្តាប្រទេសដទៃផងដែរ ប៉ុន្តែ បញ្ហាគឺអត្ថន័យគតិយុត្តដែលមាននៅក្នុងការបង្ហាញជាសាធារណៈ ។
(2) គោលការណ៍នៃលក្ខខណ្ឌតតាំង
① សញ្ញាណទូទៅ
គោលការណ៍ជាមូលដ្ឋាននៃក្រមរដ្ឋប្បវេណីជប៉ុនចំពោះការផ្លាស់ប្តូរសិទ្ធិប្រត្យក្ស ពោលគឺរចនាសម្ព័ន្ធជាមូលដ្ឋាន គឺដូចគ្នានឹងការផ្ទេរសិទ្ធិលើបំណុលទូទៅ ដែលនឹងមានរៀបរាប់នៅពេលក្រោយផងដែរ ពោលគឺ គោលការណ៍នៃលក្ខខណ្ឌតតាំង។ និយាយជារួម នៅក្នុងទំនាក់ទំនងរវាងភាគីនិងភាគី សិទ្ធិប្រត្យក្សត្រូវផ្ទេរដោយការបង្ហាញឆន្ទៈរបស់ភាគីប៉ុណ្ណោះ (មាត្រា176។ ហៅថា គោលការណ៍បង្ហាញឆន្ទៈនៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្ស។ នេះមានន័យថា «លក្ខខណ្ឌអានុភាព» ដែលចាំបាច់ដើម្បីផ្ទេរសិទ្ធិប្រត្យក្សមានតែការបង្ហាញឆន្ទៈរបស់ភាគីប៉ុណ្ណោះ)។ ប៉ុន្តែ ដើម្បីអះអាងការតតាំងអំពីចំណុចខាងលើនេះ ចំពោះបុគ្គលផ្សេងក្រៅពីភាគីក្នុងកិច្ចសន្យា ភាគីត្រូវបំពេញនីតិវិធីដើម្បីតតាំងដែលច្បាប់បានកំណត់ ពោលគឺ បំពេញលក្ខខណ្ឌតតាំង។ (⇒ពាក្យគន្លឹះ: លក្ខខណ្ឌតតាំង) នៅក្នុងក្រមរដ្ឋប្បវេណីជប៉ុន លក្ខខណ្ឌតតាំងនៃអចលនវត្ថុគឺការចុះបញ្ជី (មាត្រា177) និង លក្ខខណ្ឌតតាំងនៃចលនវត្ថុគឺការប្រគល់វត្ថុនោះ (មាត្រា178)។ (ដោយឡែក សូមនិយាយទុកជាមុនថា ទោះបីជាសិទ្ធិកាន់កាប់គឺជាសិទ្ធិប្រត្យក្សក៏ដោយ ក៏សិទ្ធិនេះគ្រាន់តែការពារត្រឹមស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងវត្ថុ ហើយសិទ្ធិនេះខុសគ្នាទៅនឹងសិទ្ធិប្រត្យក្សជាក់លាក់ផ្សេងទៀតដូចជា កម្មសិទ្ធិជាដើម ហេតុនេះហើយ ទោះបីជាកំពុងតែកាន់កាប់អចលនវត្ថុក៏ដោយ ក៏មិនអាចចុះបញ្ជីសិទ្ធិកាន់កាប់បានដែរ។
នេះមានន័យថា បើសិនជា A លក់ដីដែលជាកម្មសិទ្ធិរបស់ខ្លួនឱ្យទៅ B ហើយគ្រាន់តែបង្កើតកិច្ចសន្យា ដោយបង្ហាញឆន្ទៈត្រូវគ្នាដែលថាចង់លក់និងចង់ទិញនោះ ក្នុងករណីនេះ ដីរបស់ A ក្លាយជាវត្តុរបស់ B តែនៅក្នុងទំនាក់ទំនងរវាង A និង B ប៉ុណ្ណោះ។ B មិនអាចអះអាងថាវត្ថុនោះក្លាយជារបស់ខ្លួន ចំពោះអ្នកនៅជុំវិញនោះដែលជា C D និង E នោះទេ ហើយដើម្បីអះអាងការតតាំងបាន លុះត្រាតែ B បានទទួលការចុះបញ្ជីផ្ទេរពី A។ តាមរយៈការផ្លាស់ប្តូរឈ្មោះក្នុងសៀវភៅចុះបញ្ជីមកឱ្យ B ហើយវាធ្វើឱ្យ B អាចបង្ហាញជាសាធារណៈថា ខ្លួនជាម្ចាស់សិទ្ធិ។ ដូចនេះ វិធីបង្ហាញជាសាធារណៈនៅប្រទេសជប៉ុនគឺ ការចុះបញ្ជីចំពោះអចលនវត្ថុ និង ការទទួលការប្រគល់ចំពោះចលនវត្ថុ ប៉ុន្តែ ការផ្លាស់ប្តូរសិទ្ធិប្រត្យក្សកើតឡើងតាមរយៈការបង្ហាញឆន្ទៈរបស់ភាគីប៉ុណ្ណោះ ហើយការផ្ទេរការចុះបញ្ជី និង ការប្រគល់វត្ថុគ្រាន់តែតម្រូវឱ្យមានក្នុងនាមជាលក្ខខណ្ឌតតាំងនោះទេ។
ពាក្យគន្លឹះ: លក្ខខណ្ឌតតាំង
នៅក្នុងប្រទេសជប៉ុន គេប្រើប្រាស់គោលការណ៍នៃលក្ខខណ្ឌតតាំង ទាំងទៅលើការអនុប្បទានសិទ្ធិលើបំណុល និង ការផ្លាស់ប្តូរសិទ្ធិប្រត្យក្សលើអចលនវត្ថុ និង ចលនវត្ថុ។ យើងនឹងបែងចែកឱ្យបានត្រឹមត្រូវអំពី «លក្ខខណ្ឌអានុភាព» និង «លក្ខខណ្ឌតតាំង» នៃការផ្ទេរសិទ្ធិ។ លក្ខខណ្ឌតតាំងចំពោះតតិយជននៃករណីអនុប្បទានសិទ្ធិលើបំណុល គឺការជូនដំណឹងតាមរយៈលិខិតដែលមានកាលបរិច្ឆេទស្ថាពរទៅកាន់កូនបំណុល ឬ ការយល់ព្រមពីកូនបំណុល (មាត្រា467 កថាខណ្ឌទី2⇒ជំពូកទី6 II 5 (2))។
② នីតិប្រៀបធៀប
គោលគំនិតដែលយកការព្រមព្រៀងធ្វើជាការផ្ទេរសិទ្ធិប្រត្យក្ស ហើយយកការប្រគល់ ឬ ការចុះបញ្ជីធ្វើជាលក្ខខណ្ឌតតាំងនេះ គឺជាគោលគំនិតបែបប្រទេសបារាំង។ ផ្ទុយមកវិញ នៅក្នុងគោលគំនិតបែបប្រទេសអាឡឺម៉ង់ សិទ្ធិប្រត្យក្សមិនផ្ទេរដោយគ្រាន់តែមានការព្រមព្រៀងនោះទេ។ ករណីអចលនវត្ថុ ការផ្លាស់ប្តូរសិទ្ធិប្រត្យក្សកើតឡើងដំបូងនៅពេលដែលផ្ទេរការចុះបញ្ជី ចំណែកឯករណីចលនវត្ថុវិញ ការផ្លាស់ប្តូរសិទ្ធិប្រត្យក្សកើតឡើងដំបូងនៅពេលប្រគល់។ មានន័យថា នៅប្រទេសអាឡឺម៉ង់ ការចុះបញ្ជីមិនមែនជាលក្ខខណ្ឌតតាំងនោះទេ ប៉ុន្តែ វាជាលក្ខខណ្ឌបង្កើត និង លក្ខខណ្ឌអានុភាពនៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្ស។ តាមពិត វិធីចុះបញ្ជីរបស់ប្រទេសបារាំង និង ប្រទេសអាឡឺម៉ង់គឺខុសគ្នា ហើយច្បាប់ចុះបញ្ជីនៅក្នុងប្រទេសជប៉ុនកំពុងប្រើប្រាស់វិធីចុះបញ្ជីជាក់ស្តែងតាមគោលគំនិតបែបអាឡឺម៉ង។ ដោយសារមានស្ថានភាពខាងលើនេះផង និងវិធីរបស់ប្រទេសអាឡឺម៉ង់ដែលសិទ្ធិមាននៅនឹងកន្លែងចុះបញ្ជីតែម្តងបែបនេះ វាងាយស្រួយយល់ផង ហេតុនេះហើយ នៅក្នុងចំណោមអ្នកសិក្សាច្បាប់ជប៉ុនក៏មាន
ទស្សនៈដែលអះអាងគាំទ្រការបកស្រាយតាមបែបប្រទេសអាឡឺម៉ង់ ចំពោះការផ្លាស់ប្តូរសិទ្ធិប្រត្យក្សផងដែរ។ ការពិភាក្សាលើចំណុចនេះនឹងកាន់តែពិបាកខ្លាំងចាប់ពីចំណុចនេះទៅមុខ ប៉ុន្តែ សូមអ្នកទាំងអស់គ្នាចំណាំទុកថា បទប្បញត្តិនៃក្រមរដ្ឋប្បវេណីជប៉ុនកំពុងតែប្រកាន់យកនូវគោលការណ៍នៃលក្ខខណ្ឌតតាំងតាមបែបប្រទេសបារាំង។
(3) បញ្ហានៃការតតាំង
សូមពិចារណាអំពីឧទាហរណ៍មុននេះឡើងវិញ បើសិនជា A បានចុះកិច្ចសន្យាលក់ដីដែលជាកម្មសិទ្ធិរបស់ខ្លួនឱ្យទៅ B, នៅក្នុងដំណាក់កាលនេះ កម្មសិទ្ធិលើដីនោះបានផ្ទេរទៅឱ្យ B រួចហើយ នៅក្នុងទំនាក់ទំនងរវាង A និង B។ ប៉ុន្តែ បើសិនជាការចុះបញ្ជីនៅតែមានឈ្មោះ A ដដែល ហើយបើស្ថិតនៅក្នុងស្ថានភាពដែលមិនបានចុះបញ្ជីផ្ទេរមកឱ្យ B នៅឡើយទេ, B មិនអាចតតាំងថាខ្លួនជាម្ចាស់សិទ្ធិចំពោះបុគ្គលគ្រប់រូបនោះទេ។ នៅក្នុងស្ថានភាពនេះ ឧបមាថា A បានលក់ដីដូចគ្នានោះទៅឱ្យ C ផងដែរ។ ការទិញលក់ជាន់គ្នាបែបនេះមិនចង់ឱ្យកើតមាននោះទេ ប៉ុន្តែ ដោយសារស្ថានភាពផ្សេងៗ ជាក់ស្តែងរឿងនេះកើតមានច្រើន។ នៅក្នុងករណីបែបនេះ បើសិនជា C បានទទួលការចុះបញ្ជីផ្ទេរពី A មកមុន, C នឹងអាចអះអាងថាខ្លួនជាម្ចាស់សិទ្ធិចំពោះបុគ្គលគ្រប់រូប ហើយដីនោះនឹងក្លាយទៅជារបស់ C។ នៅក្នុងឧទាហរណ៍នៃការធ្វើអនុប្បទានជាន់គ្នាបែបនេះ ប្រសិនបើបុគ្គលដែលអះអាងអំពីសិទ្ធិដែលមានវិសមតិភាពជាមួយគ្នា មានច្រើននាក់បែបនេះ អាទិភាពនៃសិទ្ធិនោះត្រូវសម្រេចដោយលក្ខខណ្ឌតតាំង។ នេះហៅថា បញ្ហានៃការតតាំង។
ប៉ុន្តែ ប្រសិនបើបុគ្គល C ដែលនៅក្នុងឧទាហរណ៍នេះ បានដឹងយ៉ាងច្បាស់ថា A និង B បានចុះកិច្ចសន្យាលក់ទិញជាមួយគ្នារួចហើយ ហើយខ្លួននៅតែចុះកិច្ចសន្យាដោយមានបំណងដណ្តើមពី B ទៀត ហើយបានចុះបញ្ជីផ្ទេរមកខ្លួន។ ក្នុងករណីនេះ បញ្ហានឹងកើតមានឡើង បើសិនជាយើងនៅតែផ្តល់អាទិភាពឱ្យ C ទៀត ហេតុនេះហើយ យុត្តិសាស្ត្រតុលាការបានចាត់ទុក C ដែលនៅក្នុងករណីខាងលើនេះ ជាបុគ្គលទុច្ចរិតធ្ងន់ធ្ងរ ហើយជាករណីលើកលែង B គឺជាអនុប្បទានិកទី1 ដែលអាចតតាំងថាខ្លួនជាម្ចាស់សិទ្ធិ ចំពោះបុគ្គលដែលទុច្ចរិតធ្ងន់ធ្ងរនោះ ទោះបីជាមិនទាន់បានបំពេញការចុះបញ្ជីក៏ដោយ។
ដោយឡែក អ្នកសិក្សាច្បាប់មួយចំនួនបានលើកឡើងថា តើហេតុអ្វីការធ្វើអនុប្បទានជាន់គ្នា ជាលក្ខណៈទ្រឹស្តីអាចកើតមានឡើង? នៅពេលដែល A បានលក់ឱ្យ B លើកដំបូងនេះ A បានក្លាយជាបុគ្គលដែលគ្មានសិទ្ធិរួចទៅហើយ ហេតុនេះ នៅនឹងខ្លួនរបស់ A ពុំមានសិទ្ធិដែលត្រូវលក់ទៅឱ្យ C នោះទេ។ ទ្រឹស្តីមួយចំនួនបានពន្យល់បន្ថែមលើចំណុចខាងលើនេះផងដែរ។ នៅក្នុងការសិក្សាបែបទ្រឹស្តី នេះជាចម្ងល់ដែលពិបាកខ្លាំង។ យ៉ាងហោចណាស់ សូមអ្នកទាំងអស់គ្នាចំណំាថា អនុលោមតាមបញ្ញត្តិនៃគោលការណ៍នៃលក្ខខណ្ឌតតាំងគឺមានរចនាសម្ព័ន្ធដូចតទៅនេះ ៖ នៅក្នុងទំនាក់ទំនាងរវាង A និង B គឺ B បានធ្វើលទ្ធកម្មនូវសិទ្ធិស្ថាពរតាំងពីដំណាក់កាលដែលខ្លួនបានទិញពី A ប៉ុន្តែ សិទ្ធិនោះនៅមិនទាន់អាចការពារចំពោះតតិយជនផ្សេងនោះទេ (ក្នុងន័យនេះគឺសិទ្ធិមិនទាន់ពេញលេញ) ហេតុនេះហើយ បើសិនជាមានលេចឡើងនូវបុគ្គល C ដែលបានបំពេញលក្ខខណ្ឌតតាំងនៃសិទ្ធិជាមុន ក្នុងករណីនេះ C អាចអះអាងអំពីការធ្វើលទ្ធកម្មនូវសិទ្ធិចំពោះ B ហើយជាលទ្ធផល B មិនអាចតតាំងចំពោះ C បាន មានន័យថា ការធ្វើលទ្ធកម្មរបស់ B ត្រូវបានបដិសេធ (ជាលទ្ធផល B មិនអាចធ្វើលទ្ធកម្មនូវសិទ្ធិពិតប្រាកដមែន ប៉ុន្តែ បើមើលពីទស្សនៈនៃកិច្ចសន្យា B អាចទាមទារសំណងការខូចខាតនៃការមិនអនុវត្តកាតព្វកិច្ចចំពោះ A បាន។ ⇒ជំពូកទី6 II 2 (2))។
(4) លក្ខខណ្ឌតតាំងនៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្សលើអចលនវត្ថុ
① សញ្ញាណទូទៅ
ចំណុចនេះ ខ្ញុំនឹងពន្យល់លម្អិតបន្តិចអំពីការចុះបញ្ជីដែលជាលក្ខខណ្ឌតតាំងនៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្សលើអចលនវត្ថុ។ ក្រមរដ្ឋប្បវេណី មាត្រា177 បញ្ញត្តថា «ការបង្កើត ការផ្ទេរ និង ការកែប្រែសិទ្ធិប្រត្យក្សលើអចលនវត្ថុមិនអាចតតាំងនឹងតតិយជនបានឡើយ បើសិនជាមិនបានចុះបញ្ជីនៃសិទ្ធិប្រត្យក្សនោះ ដោយអនុលោមតាមបញ្ញត្តិនៅក្នុងច្បាប់ស្តីពីការចុះបញ្ជីអចលនវត្ថុ ឬ ច្បាប់ទាក់ទងនឹងការចុះបញ្ជីផ្សេងទៀត»។ នេះមានន័យថា ការបង្កើត ការផ្ទេរ និង ការកែប្រែសិទ្ធិប្រត្យក្ស នឹងកើតមានអានុភាពគតិយុត្តតាមរយៈការបង្ហាញឆន្ទៈប៉ុណ្ណោះ ប៉ុន្តែ មិនអាចតតាំងនឹងតតិយជនបាននោះទេ បើសិនជាមិនបានចុះបញ្ជី។ ហេតុនេះ ការចុះបញ្ជីគ្រាន់តែជាមធ្យោបាយដើម្បីតតាំងនឹងតតិយជនប៉ុណ្ណោះ ប៉ុន្តែ សិទ្ធិបានផ្ទេររួចហើយ ទោះបីជាគ្មានការចុះបញ្ជីក៏ដោយ។ ដូច្នេះហើយ ចម្ងល់នឹងអាចកើតឡើងដូចតទៅនេះ ៖ ចំណុចទី① ករណីដែលភាគីមិនចុះបញ្ជីក៏អាចមាន ហើយផ្ទុយមកវិញ ទោះបីជាមានការចុះបញ្ជីក្លែងបន្លំដែលគ្មានការព្រមព្រៀងទាល់តែសោះក៏ដោយ ក៏ការចុះបញ្ជីនោះក្លាយជាមោឃភាព ហើយសិទ្ធិពិតប្រាកដបានផ្ទេរទៅឱ្យបុគ្គលផ្សេង ក៏អាចកើតឡើងផងដែរ។ ចំណុចទី② ហើយបុគ្គលដែលមិនបានចុះបញ្ជី ពុំអាចតតាំងចំពោះ «តតិយជន» បាន តើសំដៅទៅលើតតិយជន (បុគ្គលផ្សេង) គ្រប់ប្រភេទឬយ៉ាងណា? តែចំណុចនេះប្រហែលជាមិនមានន័យថា មិនអាចតតាំងចំពោះបុគ្គលផ្សេងគ្រប់រូប បើមិនបានចុះបញ្ជីនោះទេ។ ខ្ញុំនឹងរៀបរាប់អំពីចំណុចទាំងនេះនៅខាងក្រោម។
② អានុភាពសន្មត និងអានុភាពនៃជំនឿទុកចិត្តនៃការបង្ហាញជាសាធារណៈនៃការចុះបញ្ជី
ការចុះបញ្ជីគឺជាលក្ខខណ្ឌតតាំងនៃសិទ្ធិប្រត្យក្ស ហើយមិនមែនជាលក្ខខណ្ឌអានុភាពនោះទេ ហេតុនេះហើយ បើទោះបីជាមានការផ្លាស់ប្តូរសិទ្ធិប្រត្យក្សក៏ដោយ ក៏មិនប្រាកដថាមានការចុះបញ្ជីដែរ (ករណីដែលម្ចាស់សិទ្ធិទុកចោលមិនទៅចុះបញ្ជីតែម្តង ក៏អាចមានដែរ។ ប៉ុន្តែ ការធ្វើបែបនេះ ម្ចាស់សិទ្ធិប្រាកដជាចាញ់អនុប្បទានិកថ្មី ឬ ម្ចាស់បំណុលដែលរឹបអូស បើសិនជាមានការធ្វើអនុប្បទានជាន់គ្នា ឬ ការរឹបអូស ជាអាទិ៍)។ ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង ជាទូទៅបើមានការផ្លាស់ប្តូរសិទ្ធិប្រត្យក្ស ការចុះបញ្ជីក៏ត្រូវធ្វើឡើងដែរ។ ដូចនេះ ការចុះបញ្ជីត្រូវបានទទួលស្គាល់នូវអានុភាពសន្មត ហើយយុត្តិសាស្ត្រតុលាការក៏បានបកស្រាយថា ទំនាក់ទំនងនៃសិទ្ធិដូចមានកត់ត្រានៅក្នុងការចុះបញ្ជីត្រូវសន្មតថាមាន លុះត្រាតែមានភស្តុតាងផ្ទុយពីនេះ (នេះហៅថា ការសន្មតតាមអង្គហេតុ ហេតុនេះ ប្រសិនបើអ្នកដែលមានវិវាទអំពីភាពត្រឹមត្រូវចំពោះខ្លឹមសារនៃការចុះបញ្ជី អាចបញ្ជាក់អំពីស្ថានភាពដែលមិនច្បាស់លាស់នៃភាពត្រឹមត្រូវបាន, នោះការសន្មតនឹងត្រូវបាត់បង់)។
ផ្ទុយមកវិញ គេមិនទទួលស្គាល់ អានុភាពនៃជំនឿទុកចិត្តនៃការបង្ហាញជាសាធារណៈ ដោយជឿជាក់ទាំងស្រុងថា បើមានការចុះបញ្ជី គឺមានសិទ្ធិនោះទេ (នៅប្រទេសអាឡឺម៉ងដែលបានរៀបរាប់ពីមុន បានទទួលស្គាល់អានុភាពនៃជំនឿទុកចិត្តនៃការបង្ហាញជាសាធារណៈ ដោយសារតែ ប្រទេសនេះប្រកាន់យកគោលការណ៍ថា សិទ្ធិមិនត្រូវបានផ្ទេរបើសិនជាគ្មានការចុះបញ្ជី ហើយជាលទ្ធផល បើមានការចុះបញ្ជី គឺមានសិទ្ធិ។ ខ្ញុំក៏បានរៀបរាប់រួចហើយថា នៅប្រទេសជប៉ុនក៏មានអ្នកដែលគាំទ្រទ្រឹស្តីបែបនេះដែរ)។ ដូចនេះ ទោះបីជាភាគីបានធ្វើប្រតិបត្តិការជំនួញ ដោយជឿជាក់លើការចុះបញ្ជីមិនពិតដែលមិនសមស្របនឹងទំនាក់ទំនងច្បាប់សារធាតុក៏ដោយ ក៏មិនអាចធ្វើលទ្ធកម្មកម្មសិទ្ធិដែលកត់ត្រាក្នុងការចុះបញ្ជីនោះទេ។ ប៉ុន្តែ នៅក្នុងយុត្តិសាស្ត្រតុលាការ ចំពោះករណីមានការចុះបញ្ជីមិនសមស្របនឹងទំនាក់ទំនងច្បាប់សារធាតុ គេបានកែតម្រូវភាពមិនត្រឹមត្រូវនៃចំណុចនេះ ដោយអនុវត្តប្រដូចនូវមាត្រា94 កថាខណ្ឌទី2 ការបង្ហាញឆន្ទៈមិនពិតដោយឃុបឃិត (ដើមឡើយ មាត្រានេះមិនត្រូវយកមកអនុវត្តចំពោះករណីនេះទេ ប៉ុន្តែដោយសារមានគោលបំណងដូចគ្នាទើប គេយកមកអនុវត្តប្រដូច) ហើយការពារបុគ្គលដែលបានធ្វើជំនួញនោះ ប្រសិនបើលក្ខខណ្ឌដូចតទៅនេះត្រូវបានបំពេញ៖ ទី1 ម្ចាស់សិទ្ធិមានទំនួលខុសត្រូវក្នុងការទុកចោលការចុះបញ្ជីមិនពិតនោះ និងទី2 បុគ្គលដែលបានធ្វើប្រតិបត្តិការជំនួញដោយជឿជាក់លើការចុះបញ្ជីនោះ ជាបុគ្គលដែលសុចរិត។ នេះមានន័យថា បើសិនជាម្ចាស់សិទ្ធិពិត A បានចុះបញ្ជីផ្ទេរឱ្យ B និងទុកចោលស្ថានភាពនៃការចុះបញ្ជីនោះ ហើយ B បានលក់ទៅឱ្យ C ដែលមិនបានដឹងអំពីស្ថានភាពពិត ក្នុងករណីនេះ ការទុកចោលនូវការចុះបញ្ជីរបស់ម្ចាស់សិទ្ធិ A ត្រូវប្រដូចជា ការបង្ហាញឆន្ទៈមិនពិតដោយឃុបឃិតគ្នារបស់ A និង B ហើយតាមរយៈមាត្រា94 កថាខណ្ឌទី2 A មិនអាចតតាំង អំពីមោឃភាពនៃរូបភាពខាងក្រៅដែលជាការចុះបញ្ជីចំពោះ C ដែលសុចរិតបានទេ (C អាចធ្វើលទ្ធកម្មដោយមានអានុភាព)។
③ ការចុះបញ្ជី និង តតិយជន
ប្រសិនបើយើងបកស្រាយថា តតិយជននៅក្នុងមាត្រា177 សំដៅទៅលើតតិយជនគ្រប់រូប លើកលែងតែភាគី និង ប្រតិសិទ្ធិសាកល (សន្តតិជនជាដើម) ក្នុងករណីនេះ បញ្ហាអាចកើតមានឡើងត្រង់ថា ទោះបីជាកម្មសិទ្ធិករពិតប្រាកដ X ក៏មិនអាចទាមទារចំពោះ Y ដែលបានផ្ទេរការចុះបញ្ជីដោយក្លែងបន្លំឯកសារ ឱ្យធ្វើបដិទានការចុះបញ្ជីបានដែរ ដោយសារមូលហេតុថា X គ្មានការចុះបញ្ជី។ ហេតុនេះហើយ អ្នកច្បាប់បានចាប់ផ្តើមពិចារណាអំពី ការកម្រិតជាក់លាក់ណាមួយចំពោះពាក្យថា «តតិយជន» (ទ្រឹស្តីកម្រិត)។
នៅក្នុងយុត្តិសាស្ត្រតុលាការបានផ្តល់សញ្ញាណថា តតិយជនដែលម្ចាស់សិទ្ធិមិនអាចតវ៉ាដោយគ្មានការចុះបញ្ជីបាន គឺជា «បុគ្គលដែលមានផលប្រយោជន៍ត្រឹមត្រូវនៃការអះអាងអំពីការមិនចុះបញ្ជី» ដូចជា បុគ្គលដែលបានធ្វើលទ្ធកម្មសិទ្ធិប្រត្យក្សលើអចលនវត្ថុតែមួយ ភតិកៈ និង ម្ចាស់បំណុលនៃការរឹបអូសជាដើម។ ផ្ទុយមកវិញ តតិយជនដែលម្ចាស់សិទ្ធិអាចតវ៉ាបានដោយគ្មានការចុះបញ្ជី (បុគ្គលដែលគ្មានផលប្រយោជន៍ត្រឹមត្រូវនៃការអះអាងអំពីការមិនចុះបញ្ជី) ជាចម្បង គឺជាបុគ្គលដូចខាងក្រោមនេះ។ ①បុគ្គលដែលច្បាប់ស្តីពីការចុះបញ្ជីអចលនវត្ថុបានកំណត់យ៉ាងច្បាស់ឱ្យដកចេញ : ទី1 បុគ្គលដែលរារាំងការស្នើសុំចុះបញ្ជីដោយឆបោក ឬ ដោយគម្រាមកំហែង (កថាខណ្ឌទី1 មាត្រា5 នៃច្បាប់ស្តីពីការចុះបញ្ជីអចលនវត្ថុ) និង ទី2 បុគ្គលដែលមានករណីយកិច្ចស្នើសុំចុះបញ្ជីដើម្បីអ្នកដទៃ (អ្នកតំណាងដែលច្បាប់បានកំណត់ អ្នកជម្រះបញ្ជីក្ស័យធន និង អាណត្តិគាហក ជាអាទិ៍)។ ឧទាហរណ៍ ចំពោះបុគ្គលនៅក្នុងចំណុចទី2 ខាងលើនេះ អាចជាករណីដែល B បានទិញអចលនវត្ថុពី A ប៉ុន្តែ C ដែលជាអ្នកតំណាងដែលច្បាប់បានកំណត់របស់ B បានចុះបញ្ជីដាក់ឈ្មោះរបស់ខ្លួនឯង ក្នុងករណីនេះ ទោះបីជាគ្មានការចុះបញ្ជីក៏ដោយ ក៏ B អាចតតាំងចំពោះ C បានដែរ។ ②បុគ្គលដែលទុច្ចរិតធ្ងន់ធ្ងរដែលស្របនឹងបញ្ញត្តនៃកថាខណ្ឌទី1 និង កថាខណ្ឌទី2 មាត្រា5 នៃច្បាប់ស្តីពីការចុះបញ្ជីអចលនវត្ថុ (បុគ្គលដែលដឹងពីស្ថានភាពពិត ហើយបានធ្វើជំនួញក្នុងគោលបំណងបំពានដល់ម្ចាស់សិទ្ធិពិតប្រាកដ ដែលមិនត្រូវបានអនុញ្ញាតតាមគោលការណ៍សុចរិត និងស្មោះត្រង់) ពីព្រោះ បុគ្គលដែលគ្រាន់តែទុច្ចរិត (ដឹងអំពីស្ថានភាព) ត្រូវបានអនុញ្ញាតនៅក្នុងទំហំនៃការប្រកួតប្រជែងដោយសេរី។ ការដកចេញបុគ្គលដែលទុច្ចរិតធ្ងន់ធ្ងរនេះ ត្រូវបានកំណត់ស្ថាពររួចហើយនៅក្នុងយុត្តិសាស្ត្រតុលាការ ហើយទ្រឹស្តីជាច្រើនក៏យល់ស្របផងដែរ។ ③បុគ្គលដែលចូលកាន់កាប់ដោយខុសច្បាប់ និង បុគ្គលដែលប្រព្រឹត្តអំពើអនីត្យានុកូល (យោងជំពូកទី5 អំពើអនីត្យានុកូល) ជាអាទិ៍។
(5) លក្ខខណ្ឌតតាំងនៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្សលើចលនវត្ថុ
① សញ្ញាណទូទៅ
ក្រមរដ្ឋប្បវេណី មាត្រា178 បញ្ញត្តថា «ការធ្វើអនុប្បទានសិទ្ធិប្រត្យក្សលើចលនវត្ថុ មិនអាចតតាំងនឹងតតិយជនបានឡើយ ប្រសិនបើគ្មានការប្រគល់ចលនវត្ថុនោះ» ហេតុនេះ លក្ខខណ្ឌតតាំងនៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្សលើចលនវត្ថុ គឺការប្រគល់។ តាមរយៈនេះ ប្រសិនបើ A បានធ្វើកិច្ចសន្យាលក់ Laptop ឱ្យទៅ B ហើយ B បានបង់ប្រាក់ថ្លៃលក់ទិញជាមុនគ្រប់ចំនួនហើយ ប៉ុន្តែ មិនទាន់បានទទួលការប្រគល់ Laptop នោះនៅឡើយទេ។ ក្នុងពេលនោះ A បានធ្វើកិច្ចសន្យាលក់ Laptop ដដែលនោះ ឱ្យទៅ C ហើយបានប្រគល់ Laptop រួចរាល់។ ក្នុងករណីនេះ អ្នកដែលបានបំពេញលក្ខខណ្ឌតតាំងគឺជា C ហើយ B ពុំមានលក្ខខណ្ឌតតាំងនោះទេ ហេតុនេះហើយ គាត់មិនអាចអះអាងចំពោះ C ឱ្យប្រគល់ Laptop មកវិញនោះទេ។ នេះគឺជាបញ្ហានៃការតតាំងចំពោះចលនវត្ថុ (ប្រាកដហើយថា B អាចទាមទារឱ្យ A ដែលជាភាគីម្ខាងទៀតប្រគល់ Laptop ដូចគ្នានោះ បើសិនជា Laptop នោះមានច្រើន និង អាចទាមទារសំណងការខូចខាតជាសាច់ប្រាក់ក៏បាន។ ចំណុចនេះយើងនឹងសិក្សានៅក្នុងនីតិសិទ្ធិលើបំណុល)។
② ចលនវត្ថុដែលជាកម្មវត្ថុនៃមាត្រា178
ចលនវត្ថុតាមក្រមរដ្ឋប្បវេណី សំដៅទៅលើវត្ថុដែលក្រៅពីដី និង វត្ថុ (ពោលគឺ វត្ថុទាំងនោះគឺជាអចលនវត្ថុ)ដែលភ្ជាប់នឹងដី (មាត្រា86 កថាខណ្ឌទី2)។ ប៉ុន្តែ ទោះបីជាចលនវត្ថុក៏ដោយ បើសិនជាវត្ថុនោះមានរបបនៃលក្ខខណ្ឌតតាំងពិសេស និង វត្ថុដែលមានលក្ខណៈមិនអាចយកការប្រគល់ធ្វើជាលក្ខខណ្ឌតតាំងបាននោះទេ, មាត្រា178 គឺមិនអាចយកមកអនុវត្តបានទេ។ ឧទាហរណ៍ ចំពោះនាវា និង គ្រឿងចក្រសាងសង់ គឺមានប្រព័ន្ធចុះបញ្ជី ហើយចំពោះរថយន្ត និង យន្តហោះ គឺមានប្រព័ន្ធចុះបញ្ជីប័ណ្ណ ហេតុនេះ វត្ថុទាំងអស់នេះបានប្រើប្រាស់លក្ខខណ្ឌតតាំងជាការទទួលបានការចុះបញ្ជី ឬ ការចុះបញ្ជីប័ណ្ណ។ ចលនវត្ថុដែលចំណុះឱ្យអចលនវត្ថុ (ឧបមាថា កន្ទេលជប៉ុន TATAMI និង ទ្វារដែលបានភ្ជាប់ទៅអគារ) ត្រូវមានវាសនារួមជាមួយអចលនវត្ថុនោះ ហេតុនេះ បើសិនជាមានការចុះបញ្ជីផ្ទេរអចលនវត្ថុ ចលនវត្ថុនោះនឹងត្រូវបានបង្ហាញជាសាធារណៈតាមរយៈការចុះបញ្ជីនោះ។
ដោយឡែក ចំពោះប្រាក់ (លុយ) វិញ គឺមានការកំណត់ពិសេសនៅក្នុងច្បាប់ ហើយមិនអាចមើលក្នុងនាមជាចលនវត្ថុនោះទេ (កម្មសិទ្ធិ និង សិទ្ធិកាន់កាប់ត្រូវបញ្ចូលគ្នាតែមួយ ហើយត្រូវបានបកស្រាយថា វាមិនមែនជាកម្មវត្ថុនៃមាត្រា178 នោះទេ)។
③ បែបយ៉ាងនៃការប្រគល់
បើសិនជានិយាយតាមបែបផ្សេង ការប្រគល់សំដៅទៅលើ ស្ថានភាពដែលច្បាប់មើលឃើញថាការកាន់កាប់បានផ្ទេរ។ អ្វីដែលជាបញ្ហាគឺ បែបយ៉ាងនៃការប្រគល់។ ប្រាកដហើយថា ការប្រគល់កម្មវត្ថុជាក់ស្តែងទៅឱ្យភាគីម្ខាងទៀត គឺជាការប្រគល់ (នេះហៅថា ការប្រគល់ដោយជាក់ស្តែង។ មាត្រា182 កថាខណ្ឌទី1) ប៉ុន្តែ តាមក្រមរដ្ឋប្បវេណី គឺមានវិធីនៃការផ្ទេរការកាន់កាប់ 3ប្រភេទ ផ្សេងទៀត។ ទី1 គឺជាការប្រគល់ដោយសង្ខេប (មាត្រា182 កថាខណ្ឌទី2)។ ឧទាហរណ៍ B ទិញវត្ថុមួយពី A ដែលខ្លួនបានខ្ចី និងកំពុងតែក្តោបក្តាប់វត្ថុនោះ ក្នុងករណីនេះ ដើមឡើយ B កំពុងតែកាន់កាប់រួចទៅហើយ ហេតុនេះ B ក៏ទទួលបានការប្រគល់តែម្តងទៅ (មិនចាំបាច់សងទៅវិញហើយ ទើបប្រគល់សារជាថ្មីនោះទេ)។ ទី2 គឺហៅថា ការប្តូរលក្ខណៈនៃការកាន់កាប់ (មាត្រា183) A បានលក់វត្ថុដែលខ្លួនកំពុងក្តោបក្តាប់ទៅឱ្យ B ប៉ុន្តែ A នៅតែបន្តក្តោបក្តាប់វត្ថុនោះដើម្បី B តាមការព្រមព្រៀង។ នៅក្នុងករណីនេះក៏ដោយ ក៏ B បានទទួលការប្រគល់ការកាន់កាប់ដែរ (មានន័យថា នៅក្នុងករណីនេះ B បានធ្វើលទ្ធកម្មការកាន់កាប់ ហើយAកាន់កាប់ដោយតំណាងឱ្យ B។ នៅក្នុងករណីបែបនេះ យើងហៅការកាន់កាប់របស់ B ថា ការកាន់កាប់ដោយប្រយោល)។ ទី3 គឺហៅថា ការផ្ទេរការកាន់កាប់ដោយបញ្ជា (មាត្រា184)។ A បានលក់របស់ដែល C កំពុងតែកាន់កាប់ទៅ B ហើយបានបង្គាប់ទៅ C ថា ការកាន់កាប់នៅពេលអនាគត គឺធ្វើឡើងដើម្បី B ហើយ B បានផ្តល់សច្ចានុម័តលើខ្លឹមសារនេះ, ក្នុងករណីនេះ B បានទទួលការកាន់កាប់រួចហើយ (ធ្វើលទ្ធកម្មការកាន់កាប់។ នៅក្នុងករណីនេះផងដែរ B គឺកាន់កាប់ដោយប្រយោល ហើយ C បានកាន់កាប់ដោយផ្ទាល់តំណាងឱ្យ B)។ វិធីប្រគល់ទាំងអស់នេះ មានលក្ខខណ្ឌសមហេតុផល ក្នុងន័យដែលមិនតម្រូវឱ្យប្រគល់ត្រឡប់វិញសិន ហើយទើបប្រគល់ទៅវិញនោះទេ។ ប៉ុន្តែ នៅក្នុងចំណោមការប្រគល់ការកាន់កាប់ទាំងអស់នេះ ការប្តូរលក្ខណៈនៃការកាន់កាប់មានបញ្ហាខ្លាំងជាងគេបំផុត ពីព្រោះ វត្ថុដែលជារបស់ A បានក្លាយជាវត្ថុរបស់ B ហើយ B បានបំពេញលក្ខខណ្ឌតតាំងដែលជាការប្រគល់រួចហើយ ប៉ុន្តែ វត្ថុគឺស្ថិតនៅក្នុងដៃរបស់ A ដែលជាកម្មសិទ្ធិករពីមុនដដែល។ ប៉ុន្តែ យុត្តិសាស្ត្រតុលាការ និង ទ្រឹស្តីទូទៅទទួលស្គាល់ថា ការប្រគល់ដោយប្តូរលក្ខណៈនៃការកាន់កាប់នេះ ជាលក្ខខណ្ឌតតាំងនៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្សដូចការប្រគល់ដែរ។ ដូច្នេះហើយ ប្រសិនបើ C បានជឿជាក់លើរូបភាពខាងក្រៅនេះ (ជឿជាក់ថា A គឺជាកម្មសិទ្ធិករ) ហើយបានទិញវត្ថុនោះពី A។ ក្នុងករណីនេះ តើ C នឹងទៅជាយ៉ាងណា? ការការពារ C ត្រូវពិចារណានៅក្នុងបញ្ញត្តិអំពីការធ្វើលទ្ធកម្មភ្លាមៗ (លទ្ធកម្មដោយសុចរិត)។ ដោយឡែក ច្បាប់ពិសេសស្តីពីការធ្វើអនុប្បទានសិទ្ធិលើបំណុលនៃចលនវត្ថុក្នុងឆ្នាំ2004 បានបង្កើតប្រព័ន្ធចុះបញ្ជីអនុប្បទានចលនវត្ថុ ហើយបានបញ្ញត្តថា ប្រសិនបើបានចុះបញ្ជីនៅក្នុងកុំព្យូទ័ររបស់មន្ទីរកិច្ចការច្បាប់ អំពីការបានទទួលអនុប្បទាននៃចលនវត្ថុ ក្នុងករណីនេះ ការចុះបញ្ជីអនុប្បទាននេះ ត្រូវចាត់ទុកថា ជាការប្រគល់ (ពោលគឺ ជាលក្ខខណ្ឌតតាំងដូចការប្រគល់ដែរ។⇒ជំពូកទី7 II 3 ②)។
(6) ការកាន់កាប់ និង ការធ្វើលទ្ធកម្មដោយសុចរិតលើចលនវត្ថុ
មុននេះ ខ្ញុំបានរៀបរាប់អំពី សិទ្ធិកាន់កាប់រួចហើយ។ ពោលគឺ សិទ្ធិកាន់កាប់សំដៅទៅលើសិទ្ធិដែលត្រូវបានផ្តល់ការការពារជាក់លាក់មួយ ចំពោះស្ថានភាពជាក់ស្តែងដែលបុគ្គលណាមួយកំពុងតែគ្រប់គ្រងលើវត្ថុអ្វីមួយ បើទោះបីជាមិនដឹងថាបុគ្គលនោះពិតជាមានសិទ្ធិប្រត្យក្ស ឬ មិនមានក៏ដោយ។ ក្រមរដ្ឋប្បវេណី មាត្រា188 បញ្ញត្តថា សិទ្ធិដែលអ្នកកាន់កាប់បានអនុវត្តចំពោះវត្ថុកាន់កាប់ ត្រូវសន្មតថាជាសិទ្ធិស្របច្បាប់។ នេះមានន័យថា ប្រសិនបើបុគ្គលណាមួយបានអនុវត្តសិទ្ធិក្នុងនាមជាកម្មសិទ្ធិករនៃវត្ថុណាមួយទៅលើវត្ថុនោះ, ក្នុងករណីនេះ យើងសន្មតជាបណ្តោះអាសន្នសិនថា បុគ្គលនោះគឺជាកម្មសិទ្ធិករ។ ប៉ុន្តែ ចំណុចដែលត្រូវប្រុងប្រយ័ត្នត្រង់កន្លែងនេះគឺ ពាក្យថា សន្មតនៃវាក្យសព្ទច្បាប់ សំដៅទៅលើរបស់ដែលអាចតវ៉ា ដោយបញ្ជាក់ភស្តុតាងផ្ទុយបាន (ផ្ទុយមកវិញ «ចាត់ទុក» គឺជាការកំណត់របស់ច្បាប់ថាត្រូវមានន័យបែបនេះ ហេតុនេះ ច្បាប់មិនអនុញ្ញាតឱ្យបញ្ជាក់ភស្តុតាងផ្ទុយនោះទេ។ ⇒ពាក្យគន្លឹះ: សន្មត និង ចាត់ទុក)។ ដូចនេះ បើសិនជាមានបុគ្គលមកអះអាងថាខ្លួនទើបជាកម្មសិទ្ធិករ ហើយបុគ្គលនោះអាចបញ្ជាក់ថាខ្លួនពិតជាកម្មសិទ្ធិករមែន ក្នុងករណីនេះ សិទ្ធិរបស់អ្នកកាន់កាប់នឹងត្រូវបានបដិសេធ។ ទោះជាយ៉ាងណាក៏ដោយ ការកាន់កាប់ត្រូវបានទទួលការការពារកាន់តែខ្លាំង ចំពោះការផ្លាស់ប្តូរសិទ្ធិប្រត្យក្សនៃចលនវត្ថុ។ នេះគឺជា បញ្ញត្តិអំពីការធ្វើលទ្ធកម្មដោយសុចរិត។
ក្រមរដ្ឋប្បវេណីមាត្រា192 បានកំណត់អំពី លទ្ធកម្មដោយសុចរិតថា «តាមរយៈសកម្មភាពជួញដូរ បុគ្គលដែលបានចាប់ផ្តើមកាន់កាប់ចលនវត្ថុដោយសន្តិវិធី និង ដឹងឮជាសាធារណៈ ត្រូវធ្វើលទ្ធកម្មសិទ្ធិអនុវត្តចំពោះចលនវត្ថុនោះភ្លាមៗ បើសិនជាសុចរិត និង គ្មានកំហុស»។ តើបញ្ញត្តិនេះមានន័យដូចម្តេច? ការជួញដូរចលនវត្ថុគឺត្រូវបានធ្វើឡើងជាប្រចាំថ្ងៃ ហេតុនេះ មានករណីខ្លះ អ្នកទិញមិនបានដឹងថា ខ្លួនបានទិញវត្ថុពីបុគ្គលដែលគ្មានសិទ្ធិចាត់ចែងនោះទេ។ ឧទាហរណ៍ថា អ្នកលក់មិនមែនជាកម្មសិទ្ធិករនៃទំនិញនេះទេ ហើយគ្រាន់តែរក្សាទុកឱ្យកម្មសិទ្ធិករប៉ុណ្ណោះ, ហើយអ្នកលក់នោះបានបន្លំខ្លួនជាកម្មសិទ្ធិករ ហើយលក់ទំនិញនោះទៅបាត់។ ប៉ុន្តែ បើសិនជា អ្នកទិញត្រូវស្រាវជ្រាវថាអ្នកលក់មានសិទ្ធិអំណាចត្រឹមត្រូវក្នុងការលក់គ្រប់តែពេលនោះ, កិច្ចសន្យាលក់ទិញក៏ដោយក៏មិនងាយនឹងកើតមានឡើងនោះទេ។ ហេតុដូច្នេះហើយ នៅក្នុងករណីបែបនេះ យើងមានភាពចាំបាច់ដើម្បីការពារអ្នកទិញដែលបានជឿជាក់រូបភាពខាងក្រៅនៃអ្នកលក់។ ដូចនេះ ក្រមរដ្ឋប្បវេណីបានពិចារណាអំពីសុវត្ថិភាពនៃការជួញដូរ ហើយបញ្ញត្តថា នៅក្នុងករណីចលនវត្ថុ ប្រសិនបើអ្នកទិញបានទិញ និង បានចាប់ផ្តើមកាន់កាប់ដោយសុចរិត («សុចរិត» នៅទីនេះ មិនមែនមានន័យថាដឹងពីស្ថានភាពទេ គឺសំដៅលើការជឿជាក់ភាគីម្ខាងទៀតថាជាអ្នកមានសិទ្ធិត្រឹមត្រូវ), អ្នកទិញត្រូវធ្វើលទ្ធកម្មសិទ្ធិនៅពេលបានទទួលការប្រគល់នោះ (បើការលក់ទិញ គឺកម្មសិទ្ធិ) ទោះបីជា អ្នកលក់មិនមែនជាអ្នកមានសិទ្ធិត្រឹមត្រូវក៏ដោយ។ គោលគំនិតនេះត្រូវបានគេស្គាល់ថា គោលការណ៍នៃការជឿជាក់ជាសាធារណៈ។ គោលការណ៍នេះ ផ្តល់ការការពារដល់បុគ្គលដែលជឿជាក់ ហើយបានទទួលការកាន់កាប់។ ប៉ុន្តែ តាមពិតទៅ គោលការណ៍នៃការជឿជាក់ជាសាធារណៈ សំដៅទៅលើការលះបង់តែម្ខាងនូវសិទ្ធិរបស់ភាគីអ្នកមានសិទ្ធិ (ទោះបីជាមាន ឬ គ្មានកំហុសរបស់បុគ្គលនោះក៏ដោយ) ហើយវាមានលក្ខណៈជាវិធានលំអៀងក្នុងបរិបទខ្លះ។ ហេតុនេះ នៅក្នុងក្រមរដ្ឋប្បវេណីបានទទួលស្គាល់យ៉ាងច្បាស់តែក្នុងបញ្ញត្តិនេះប៉ុណ្ណោះ។
ដោយឡែក នៅក្នុងមាត្រា192 មានករណីលើកលែង ពីព្រោះ ការកំណត់ថាកម្មសិទ្ធិករដើមត្រូវបាត់បង់នូវសិទ្ធិតែម្តងចំពោះករណីវត្ថុលួច ឬ វត្ថុបាត់ គឺមានលក្ខណៈជ្រុលពេក ហេតុនេះ ជនរងគ្រោះ ឬ ម្ចាស់វត្ថុបាត់អាចទាមទារឱ្យសងវិញចំពោះអ្នកកាន់កាប់បាន ក្នុងអំឡុងពេល 2ឆ្នាំ គិតចាប់ពីពេលលួច ឬ ពេលបាត់វត្ថុនោះ (មាត្រា193)។
3. កម្មសិទ្ធិ
(1) អត្ថន័យ និង ខ្លឹមសារនៃកម្មសិទ្ធិ
កម្មសិទ្ធិ គឺជាសិទ្ធិដែលម្ចាស់សិទ្ធិអាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុដែលជារបស់ខ្លួនដោយសេរី នៅក្នុងទំហំដែលច្បាប់បានកម្រិត (មាត្រា206)។ ការប្រើប្រាស់ គឺជាការប្រើវត្ថុនោះដោយខ្លួនឯង។ ការអាស្រ័យផល គឺជាការយកជាកម្មសិទ្ធិរបស់ខ្លួននូវផលដែលកើតចេញពីវត្ថុ។ ការជួលវត្ថុជាកម្មសិទ្ធិឱ្យអ្នកដទៃ ហើយយកថ្លៃឈ្នួល (ផលស៊ីវិល) ក៏ជាការអាស្រ័យផលផងដែរ។ នៅក្នុងការចាត់ចែង រួមមានការចាត់ចែងលក្ខណៈរូបធាតុនៃវត្ថុ (ការប្រើអស់ ការកែច្នៃ ការបំផ្លាញ និង ការបោះបង់ចោលជាអាទិ៍) និង ការចាត់ចែងលក្ខណៈគតិយុត្តនៃវត្ថុ (អនុប្បទាន និង ការបង្កើតសិទ្ធិប្រើប្រាស់អាស្រ័យផល ឬ សិទ្ធិប្រាតិភោគប្រត្យក្ស ជាអាទិ៍)។
កម្មសិទ្ធិគឺជាសិទ្ធិប្រត្យក្សដែលមានលក្ខណៈពេញលេញ ហើយអាចបែងចែកផ្នែកខ្លះនៃលក្ខណៈនោះទៅបង្កើតជាសិទ្ធិលើដីដែលជាសិទ្ធិប្រត្យក្សប្រើប្រាស់ អាស្រ័យផល និង ហ៊ីប៉ូតែកដែលជាសិទ្ធិប្រាតិភោគប្រត្យក្ស ទៅឱ្យបុគ្គលផ្សេងបាន។ ប្រាកដហើយ បើសិនជាអំឡុងពេលនៃសិទ្ធិប្រត្យក្សប្រើប្រាស់អាស្រ័យផលដែលបានផ្តល់ឱ្យបុគ្គលផ្សេងបានបញ្ចប់ ឬ សិទ្ធិប្រាតិភោគប្រត្យក្សបានរលត់ ដោយសារការសងកាតព្វកិច្ចដែលជាកម្មវត្ថុនៃសិទ្ធិប្រាតិភោគប្រត្យក្ស នោះកម្មសិទ្ធិ នឹងត្រូវត្រឡប់មកមានលក្ខណៈពេញលេញដូចស្ថានភាពដើមវិញ។
កម្មសិទ្ធិនៃដី ត្រូវមានអានុភាពទាំងផ្នែកលើដី និង ផ្នែកក្រោមដី នៅក្នុងទំហំនៃការកម្រិតរបស់ច្បាប់ (មាត្រា207)។ ដូចនេះ ការអូសខ្សែអគ្គិសនីនៅផ្នែកខាងលើដី និង ការជីកផ្លូវក្រោមដីជាដើម ត្រូវមានការយល់ព្រមពីកម្មសិទ្ធិករនៃដី ហើយបើគ្មានការយល់ព្រមទេ សកម្មភាពទាំងអស់នេះនឹងក្លាយជាកម្មវត្ថុនៃការទាមទារឱ្យបញ្ឈប់ការរារាំង។ ប៉ុន្តែ «ផ្នែកលើ និង ផ្នែកក្រោម»នេះ ត្រូវមានកម្រិតតាមការសមហេតុផល។ ឧទាហរណ៍ យន្តហោះដែលហោះខ្ពស់នៅលើមេឃមិនមានការបំពានដល់កម្មសិទ្ធិនៃដីនោះទេ។
(2) ទំនាក់ទំនងដីជាប់គ្នា
លើសពីនេះ ដីតែងតែនៅជាប់ជាមួយនឹងដីរបស់អ្នកដទៃ ហេតុនេះ វាត្រូវមានលក្ខណៈពិសេសនៃកម្មសិទ្ធិលើដីរវាងគ្នា ដើម្បីកំណត់អំពីវិធានជាក់លាក់។ នេះហៅថា ទំនាក់ទំនងនៃដីជាប់គ្នា ហើយក្រមរដ្ឋប្បវេណីកំណត់លម្អិតចាប់ពីមាត្រា209។ ឧទាហរណ៍នៃបញ្ញត្តិនេះមានដូចជា បញ្ញត្តិអំពី ដីដែលត្រូវបានហុំព័ទ្ធដោយដីរបស់អ្នកដទៃ ហើយមិនជាប់ទៅនឹងផ្លូវសាធារណៈនោះទេ (នៅមុនពេលវិសោធនកម្មក្រមរដ្ឋប្បវេណីឆ្នាំ2004 ដីប្រភេទនេះហៅថា «ដីបិទជិត») ក្នុងករណីនេះ កម្មសិទ្ធិករនៃដីនោះមានសិទ្ធិឆ្លងកាត់ដីដែលហ៊ុមព័ទ្ធ ដើម្បីទៅដល់ផ្លូវសាធារណៈបាន (មាត្រា210 កថាខណ្ឌទី1) និង បញ្ញត្តិអំពី ការហាមឃាត់មិនឱ្យកម្មសិទ្ធិករនៃដីទប់ទឹកដែលហូរឆ្លងកាត់តាមធម្មជាតិ (មិនមែនការបង្ហូរទឹកសិប្បនិម្មិតទេ) ពីដីជាប់គ្នា (មាត្រា214) ជាអាទិ៍។ សូមរំលងអំពីការពន្យល់លម្អិតនៅកន្លែងនេះ។
(3) លទ្ធកម្មកម្មសិទ្ធិ
① ទ្រឹស្តីជាមូលដ្ឋាន
វិធីនៃការធ្វើលទ្ធកម្មកម្មសិទ្ធិជាទូទៅ គឺការធ្វើលទ្ធកម្មតាមរយៈកិច្ចសន្យា (លក់ទិញ និង ប្រទានកម្ម ជាអាទិ៍) និង លទ្ធកម្មតាមសន្តតិកម្ម (ស្នងបន្តសិទ្ធិពីកម្មសិទ្ធិករដើម) ហើយក្រៅពីនេះ ក្រមរដ្ឋប្បវេណីមានកំណត់អំពីវិធីធ្វើលទ្ធកម្មតាំងពីដំបូង ដែលមានបញ្ញត្តិចាប់ពីមាត្រា239។ ការកាន់កាប់មុន ការរើសបាន ការរកឃើញ និង ឧបាគមន៍។ នៅក្នុងចំណោមនេះ ការកាន់កាប់មុន ការរើសបាន និង ការរកឃើញ គឺជាករណីលើកលែង ប៉ុន្តែ បញ្ហានៃការភ្ជាប់លើអចលនវត្ថុដែលជាផ្នែកមួយនៃឧបាគមន៍នេះ គឺមានសារៈសំខាន់ខ្លាំង។ ក្រៅពីនេះ កម្មសិទ្ធិក៏អាចត្រូវបានធ្វើលទ្ធកម្មតាំងពីដំបូង ដោយអាជ្ញាយុកាលដែរ (ប៉ុន្តែ កម្មសិទ្ធិមិនមានអាជ្ញាយុកាលនៃការរលត់នោះទេ។ ទោះបីជាទុកចោលដីរបស់ខ្លួនរយៈពេលច្រើនឆ្នាំក៏ដោយ ក៏កម្មសិទ្ធិមិនមានអាជ្ញាយុកាលនៃការរលត់ឡើយ។ ដោយឡែក បើសិនជាបុគ្គលផ្សេងបានកាន់កាប់ដីនោះជាច្រើនឆ្នាំក្នុងនាមជាដីរបស់ខ្លួន ហើយនៅតែបន្តកាន់កាប់ដោយសន្តិវិធី និង ដឹងឮជាសាធារណៈ ដូចនេះ អាជ្ញាយុកាលនៃលទ្ធកម្មត្រូវស្ថាពរ ហើយក្នុងករណីនេះ កម្មសិទ្ធិករដើមនឹងបាត់បង់សិទ្ធិរបស់ខ្លួន (⇒ជំពូកទី2 III 7 (1))។
② ការកាន់កាប់មុននូវវត្ថុគ្មានម្ចាស់
ឧទាហរណ៍ បុគ្គលដែលបានកាន់កាប់ ដោយមានឆន្ទៈយកជាកម្មសិទ្ធិលើចលវត្ថុដែលគ្មានកម្មសិទ្ធិករ (គ្មានម្ចាស់) ដូចជាករណីចាប់បានសត្វព្រៃជាដើម អាចធ្វើលទ្ធកម្មកម្មសិទ្ធិលើសត្វនោះបាន (មាត្រា239 កថាខណ្ឌទី1)។ ចលនវត្ថុដែលកម្មសិទ្ធិករបានបោះបង់ចោល (ពោលគឺ បោះចោលដោយមានឆន្ទៈបោះបង់កម្មសិទ្ធិ) ក៏ជាកម្មវត្ថុនៃការកាន់កាប់មុននូវវត្ថុគ្មានម្ចាស់ដែរ។ ផ្ទុយមកវិញ អចលនវត្ថុដែលគ្មានម្ចាស់នឹងក្លាយជារបស់រដ្ឋ (ក្លាយជាកម្មសិទ្ធិរបស់រដ្ឋ។ មាត្រា239 កថាខណ្ឌទី2)។ ឧទាហរណ៍ បុគ្គលដែលគ្មានសាច់ញាតិបានស្លាប់ ហើយគ្មានទាំងសន្តតិជន និង អ្នកមើលថែទាំពេលនៅរស់នោះទេ ក្នុងករណីនេះ អចលនវត្ថុដែលជាកម្មសិទ្ធិរបស់បុគ្គលនោះត្រូវក្លាយជារបស់រដ្ឋ។
③ ការរើសបានវត្ថុបាត់
ចំពោះវត្ថុបាត់ នៅក្រោយពេលអ្នករើសបាន (វត្ថុជ្រុះ, វត្ថុភ្លេច) បានយកទៅប្រគល់នៅប៉ុស្តិ៍នគរបាល ហើយប៉ុស្តិ៍នគរបាលបានប្រកាសជាសាធារណៈដើម្បីស្វែងរកម្ចាស់រួចហើយ (ច្បាប់ស្តីពីវត្ថុបាត់មាត្រា1, មាត្រា10) ប៉ុន្តែមិនអាចស្វែងរកឃើញម្ចាស់ពិតប្រាកដក្នុងរយៈពេល 3ខែ គិតចាប់ពីពេលប្រកាស ក្នុងករណីនេះ អ្នករើសបាននឹងធ្វើលទ្ធកម្មកម្មសិទ្ធិលើវត្ថុនោះ (មាត្រា240)។ ចំណុចដែលត្រូវប្រុងប្រយ័ត្នគឺ វត្ថុដែលបុគ្គលដទៃភ្លេច និង របស់ដែលបានរត់ចេញពីផ្ទះ (សត្វដែលបុគ្គលដទៃចិញ្ចឹម) ត្រូវកំណត់ជា វត្ថុបាត់ (ច្បាប់ស្តីពីវត្ថុបាត់ មាត្រា12)។ ហើយវត្ថុនេះ កម្មសិទ្ធិករមិនបានបោះបង់កម្មសិទ្ធិនោះទេ ហេតុនេះ វាមិនអាចក្លាយជាករណីការកាន់កាប់មុននូវវត្ថុគ្មានម្ចាស់នោះទេ (ដូចនេះ ទូរទស្សន៍ដែលគេបោះចោលនៅកន្លែងចាក់សម្រាមគឺជាការបោះបង់កម្មសិទ្ធិយ៉ាងច្បាស់ក្រឡែត ហេតុនេះយើងអាចយកបានដោយឯកឯង ប៉ុន្តែ កង់ដែលទុកចោលនៅតាមផ្លូវវិញ យើងមិនអាចយកជិះដោយឯកឯងនោះទេ។ នេះគឺជាបទល្មើសចាប់យកវត្ថុចេញពីការកាន់កាប់របស់អ្នកដទៃ។ ក្រមព្រហ្មទណ្ឌ មាត្រា254)។
④ ការរកឃើញកំណប់
ឧទាហរណ៍ ចំពោះការរកឃើញកាក់មាសជំនាន់មុនពីក្នុងដីរបស់ខ្លួនក៏ដោយ ក៏ករណីនេះត្រូវយកមកអនុវត្តដូចគ្នានឹងករណីរើសបានវត្ថុបាត់ (ហេតុនេះហើយ ត្រូវប្រកាសជាសាធារណៈ ហើយបើសិនជាគ្មានកម្មសិទ្ធិករបង្ហាញខ្លួនទេ ត្រូវក្លាយជាកម្មសិទ្ធិរបស់ខ្លួន)។ ប៉ុន្តែ បើសិនជារកឃើញកំណប់ចេញពីដីរបស់អ្នកដទៃវិញ កម្មសិទ្ធិករនៃដីនោះ និង អ្នករកឃើញត្រូវចែកពាក់កណ្តាលម្នាក់ ហើយធ្វើលទ្ធកម្មកម្មសិទ្ធិលើកំណប់នោះ (មាត្រា241។ ច្បាប់ស្តីពីវត្ថុបាត់ មាត្រា13)។
⑤ ឧបាគមន៍
វត្ថុចាប់ពី 2 ឡើងទៅ (ដែលមានកម្មសិទ្ធិករខុសគ្នា) បានរួមគ្នា ឬ ជាប់គ្នា ហើយជាលទ្ធផល ការធ្វើឱ្យមកស្ថានភាពដើមវិញ មានភាពលំបាកយ៉ាងខ្លាំង ឬ ចាំបាច់ត្រូវកំទេចដើម្បីបំបែកជាដើម ក្នុងករណីនេះ ក្រមរដ្ឋប្បវេណីកំណត់ថា វត្ថុដែលបានរួមគ្នា ឬ ជាប់គ្នានោះ គឺជាវត្ថុតែមួយ (ចាប់ពីមាត្រា243)។ ពីព្រោះ ការបំបែក ឬ ស្តារស្ថានភាពដើមដោយបង្ខំ នឹងធ្វើឱ្យបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចសង្គម។ នេះហៅថា ឧបាគមន៍។ ករណីរួមគ្នានៃវត្ថុ គឺជា ការភ្ជាប់គ្នា (វត្ថុភ្ជាប់គ្នា), ករណីចម្រុះចូលគ្នា គឺជា ការរលាយ (វត្ថុរលាយចូលគ្នា), ហើយករណីយកវត្ថុធាតុដើមអ្នកដទៃមកធ្វើចេញជាវត្ថុប្រភេទផ្សេងដោយកម្លាំងរបស់ខ្លួន គឺជាការកែច្នៃ (វត្ថុកែច្នៃ)។ ហេតុនេះ យើងអាចនិយាយបានថា នៅក្នុងឧបាគមន៍បែងចែកជា 3 គឺ ការភ្ជាប់គ្នា ការរលាយចូលគ្នា និង ការកែច្នៃ។ នៅក្នុងនោះ ការភ្ជាប់ទៅនឹងអចលនវត្ថុមានបញ្ហាច្រើនជាងគេ។
នៅក្នុងគោលគំនិតដើមនៃការភ្ជាប់គ្នានៃចលនវត្ថុគឺ វត្ថុចាប់ពី 2 ឡើងទៅបានភ្ជាប់គ្នាហើយមិនអាចបំបែកបានដោយមិនធ្វើឱ្យខូចខាតនោះទេ ក្នុងករណីនេះ កម្មសិទ្ធិនឹងធ្លាក់ទៅលើកម្មសិទ្ធិករនៃវត្ថុដែលជាចំណែកចម្បង (មាត្រា243។ ត្រូវអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលត្រូវចំណាយសោហ៊ុយហួសហេតុដើម្បីបំបែក)។ នេះមានន័យថា កម្មសិទ្ធិករលើចលនវត្ថុដែលជាចំណែកបន្ទាប់បន្សំមិនអាចទាមទារឱ្យប្រគល់វិញនោះទេ (ប៉ុន្តែ វាមិនសមរម្យនោះទេ បើសិនជាឱ្យកម្មសិទ្ធិករលើវត្ថុដែលជាចំណែកចម្បងធ្វើលទ្ធកម្មតែម្ខាងនោះ ហេតុនេះ កម្មសិទ្ធិករលើវត្ថុនៃចំណែកបន្ទាប់បន្សំដែលបានបាត់បង់កម្មសិទ្ធិនោះ អាចទាមទារប្រាក់សំណងដោយផ្អែកលើបញ្ញត្តិស្តីពីសេចក្តីចម្រើនឥតហេតុ ចំពោះកម្មសិទ្ធិករលើវត្ថុដែលជាចំណែកចម្បងបាន បើសិនជាមានការខូចខាត។ មាត្រា248។ យើងនឹងសិក្សាអំពី សេចក្តីចម្រើនឥតហេតុ នៅក្នុងជំពូកទី5)។ ប្រសិនបើមិនអាចបែងចែកចំណែកចម្បង ឬ ចំណែកបន្ទាប់បន្សំនោះទេ កម្មសិទ្ធិករនៃចលនវត្ថុនីមួយៗ មានកម្មសិទ្ធិអវិភាគទៅលើវត្ថុភ្ជាប់នោះ ទៅតាមសមាមាត្រនៃតម្លៃវត្ថុនោះនៅពេលភ្ជាប់គ្នា (មាត្រា244។ ចំពោះកម្មសិទ្ធិអវិភាគនឹងមានពន្យល់នៅផ្នែកខាងក្រោយ)។ ចំពោះការរលាយចូលគ្នា (ឧទាហរណ៍ ប្រេងសាំងដែលជាកម្មសិទ្ធិរបស់បុគ្គល 2នាក់ បានចាក់បញ្ចូលគ្នា) ត្រូវអនុវត្តដូចគ្នានូវបញ្ញត្តិស្តីពីការភ្ជាប់គ្នា (មាត្រា245)។
ចំពោះការកែច្នៃវិញ ទោះបីជាបុគ្គលមួយបានកៃច្នៃលើចលនវត្ថុរបស់អ្នកដទៃក៏ដោយ ជាគោលការណ៍ កម្មសិទ្ធិលើវត្ថុកែច្នៃនោះធ្លាក់ទៅលើកម្មសិទ្ធិករនៃវត្ថុធាតុដើម។ ប៉ុន្តែ ប្រសិនបើតម្លៃកើនឡើងដោយសារការកែច្នៃនេះ លើសពីតម្លៃវត្ថុធាតុដើមយ៉ាងខ្លាំង អ្នកកែច្នៃអាចធ្វើលទ្ធកម្មកម្មសិទ្ធិលើវត្ថុនោះ (មាត្រា246 កថាខណ្ឌទី1។ នៅក្នុងករណីនេះក៏ដោយ ក៏កម្មសិទ្ធិករនៃវត្ថុធាតុដើមដែលបានបាត់បង់កម្មសិទ្ធិនោះ អាចទាមទារប្រាក់សំណងដោយផ្អែកលើមាត្រា248 បាន)។
⑥ ការភ្ជាប់អចលនវត្ថុ
មាត្រា242 បញ្ញត្តថា កម្មសិទ្ធិករនៃអចលនវត្ថុធ្វើលទ្ធកម្មកម្មសិទ្ធិលើ «វត្ថុដែលបានភ្ជាប់ជាចំណុះឱ្យអចលនវត្ថុនោះ» ហើយបញ្ញត្តិដដែល វាក្យខណ្ឌទី2 បញ្ញត្តថា «ប៉ុន្តែ បញ្ញត្តិនេះមិនរារាំងដល់សិទ្ធិរបស់បុគ្គលដទៃដែលបានភ្ជាប់វត្ថុនោះ ដោយផ្អែកលើសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្តឡើយ»។ ឧទាហរណ៍ថា បុគ្គលដទៃបានយកដើមឈើទៅដាំ និង ដុះឬសនៅលើដីរបស់អ្នក ក្នុងករណីនេះ កម្មសិទ្ធិនៅលើដើមឈើនោះ គឺជាកម្មសិទ្ធិករនៅលើដី។ ប៉ុន្តែ បើសិនជាបុគ្គលដទៃនោះ គឺជាភតិកៈត្រឹមត្រូវនៅលើដីនោះវិញ (ពីព្រោះ ភតិកៈមានសិទ្ធិប្រើប្រាស់ដីដោយសេរី) ភតិកៈមានកម្មសិទ្ធិនៅលើដើមឈើនោះ។
ប៉ុន្តែ ចំណុចដែលត្រូវប្រុងប្រយ័ត្ន គឺប្រទេសជប៉ុនបានចាត់ទុកថា ដី និង អគារនៅលើដីនោះគឺជាអចលនវត្ថុផ្សេងគ្នាជាដរាប ហេតុនេះហើយ ចំពោះទំនាក់ទំនងរវាងដី និង អគារវិញ គឺមាត្រា242 មិនយកមកអនុវត្តនោះទេ។ ដូចនេះ ឧទាហរណ៍នៃមាត្រា242 មានដូចជា វត្ថុដែលគេយកមកបិតភ្ជាប់ទៅនឹងអគារ ហើយមិនអាចដកចេញពីអគារបាន ឬ ការចាក់ខ្សាច់ទៅលើដីនៅមាត់សមុទ្រជាដើម។ ប៉ុន្តែ បញ្ហាលំបាក គឺករណីដែលគេជួលជុលកែលំអអគារដោយឯកឯង។ បើសិនជាគេយកស៊ុមរបស់បង្អួចទៅភ្ជាប់នឹងអគារដើម យើងអាចមើលឃើញយ៉ាងច្បាស់ថា វាជាការភ្ជាប់ចលនវត្ថុដែលជាវត្ថុធាតុដើមនៃស៊ុមបង្អួចទៅនឹងអគារ។ ប៉ុន្តែ ទោះបីជាផ្នែកដែលបានកែលំអនោះបានប្រើប្រាស់ជញ្ជាំងនៃអគារដើមក៏ដោយ ក៏ផ្នែកដែលកែលំអនោះ អាចមើលឃើញថាជាអគារឯករាជ្យផងដែរ។ ក្នុងករណីនេះ យើងនៅមានបញ្ហាថា តើវាជាការភ្ជាប់អគារ (អចលនវត្ថុ) ទៅនឹងអគារ (អចលនវត្ថុ) ដែរឬទេ? ហើយបញ្ហានេះ មានការខ្វែងគំនិតគ្នា។
(4) កម្មសិទ្ធិអវិភាគ
កន្លងមក ខ្ញុំបានបកស្រាយថា នៅលើចលនវត្ថុតែមួយអាចបង្កើតសិទ្ធិប្រត្យក្សដូចគ្នាតែមួយប៉ុណ្ណោះ (គោលការណ៍វត្ថុមួយសិទ្ធិមួយ)។ ឧទាហរណ៍ បើសិនជា A មានកម្មសិទ្ធិលើដី «ក» A អាចបង្កើតសិទ្ធិប្រើប្រាស់ដី និងហ៊ីប៉ូតែកនៃដីនោះឱ្យទៅ B បាន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនអាចមានករណី C មានកម្មសិទ្ធិផ្សេងលើដី «ក» ដូចគ្នាក្រៅពី A នោះទេ។ ប៉ុន្តែ A អាចមានកម្មសិទ្ធិ (មួយ) រួមគ្នាជាមួយបុគ្គលដទៃនៅលើដី «ក» បាន។ នេះហៅថា កម្មសិទ្ធិអវិភាគ។ ក្រមរដ្ឋប្បវេណីបញ្ញត្តថា កម្មសិទ្ធិករអវិភាគម្នាក់ៗ អាចប្រើប្រាស់វត្ថុ
អវិភាគទាំងមូលតាមសមាមាត្រនៃចំណែករបស់ខ្លួនបាន (មាត្រា249)។ ចំណែកអវិភាគអាចសម្រេចបានតាមការព្រមព្រៀងរបស់កម្មសិទ្ធិករអវិភាគ ប៉ុន្តែ បើសិនជាគ្មានការសម្រេចទេ ត្រូវសន្មតថា កម្មសិទ្ធិករអវិភាគម្នាក់ៗមានចំណែកស្មើៗគ្នា (មាត្រា250)។ បើសិនជាចុះបញ្ជីកម្មសិទ្ធិអវិភាគលើអចលនវត្ថុ ចំណែកអវិភាគម្នាក់ៗត្រូវតែកត់ត្រាចូល (ច្បាប់ស្តីពីការចុះបញ្ជីអចលនវត្ថុ មាត្រា59 ចំណុចទី4)។ ទោះបីជាបែបនេះក៏ដោយ តាមច្បាប់ កម្មសិទ្ធិករអវិភាគម្នាក់ៗអាចប្រើប្រាស់វត្ថុអវិភាគទាំងមូល ហេតុនេះមិនមែនមានន័យថា បើយើងមានចំណែក 1 ភាគ 10 ហើយយើងអាចប្រើប្រាស់បានតែទំហំ 1 ភាគ 10 នៃផ្ទៃក្រឡាដីនោះទេ។ ប៉ុន្តែ បើសិនជាកម្មសិទ្ធិករអវិភាគម្នាក់ៗបានព្រមព្រៀងគ្នាអំពីការបែងចែកការប្រើប្រាស់វត្ថុអវិភាគ ដូចនេះ ការប្រើប្រាស់ត្រូវអនុលោមតាមការព្រមព្រៀងនោះ។
កម្មសិទ្ធិករអវិភាគម្នាក់ៗ អាចទាមទារឱ្យបែងចែកវត្ថុអវិភាគ ចំពោះកម្មសិទ្ធិករអវិភាគផ្សេងទៀតនៅពេលណាក៏បាន ប៉ុន្តែកម្មសិទ្ធិអវិភាគម្នាក់ៗអាចធ្វើកិច្ចសន្យាហាមមិនឱ្យទាមទារបែងចែកវត្ថុអវិភាគដែលមាន
រយៈពេលមិនលើសពី 5ឆ្នាំបាន (មាត្រា256 កថាខណ្ឌទី1)។
ដោយឡែក អ្នកសិក្សាច្បាប់លើកឡើងថា នៅក្នុងទ្រឹស្តីទូលាយនៃគោលគំនិតសហកម្មសិទ្ធិ ក្រៅពីកម្មសិទ្ធិអវិភាគក្នុងន័យចង្អៀតនេះក៏មាន វត្ថុសមូហភាព និង វត្ថុសាធារណៈដែរ។ វត្ថុសមូហភាព សំដៅទៅលើទំនាក់ទំនងទ្រព្យសម្បត្តិក្រុមហ៊ុនដែលយើងនឹងសិក្សានៅខាងមុខ (⇒ជំពូកទី4 III.9)។ វត្ថុនេះមានការកំណត់ដោយក្រុមហ៊ុននូវគោលបំណងជាក់លាក់នៃការប្រើប្រាស់ ហេតុនេះហើយ យើងអាចនិយាយបានថា វាមានចំណុចខុសគ្នានឹងកម្មសិទ្ធិអវិភាគដូចជា ការចាត់ចែងវត្ថុនោះត្រូវបានកម្រិត ហើយការទាមទារឱ្យបែងចែកកម្មវត្ថុនោះក៏ត្រូវបានហាមឃាត់ ជាអាទិ៍ (មាត្រា676)។ វត្ថុសាធារណៈ សំដៅទៅលើទំនាក់ទំនងទ្រព្យសម្បត្តិសាធារណៈដែលមានសមាជិកជាអ្នកភូមិមួយក្រុម ឬ មួយតំបន់ អាចប្រើប្រាស់រួមគ្នានូវធនធានព្រៃឈើ ភ្នំ និង ទីវាល។ ក្នុងករណីនេះ វាគឺជាការប្រើប្រាស់នូវទ្រព្យសម្បត្តិសាធារណៈរួមគ្នាក្រោមការគ្រប់គ្រងរបស់គណកម្មការភូមិ ឬ តំបន់ ហេតុនេះ សមាជិកម្នាក់ៗ មិនអាចមានចំណែកដោយឡែក ឬ ការទាមទារឱ្យបែងចែកនោះទេ។
ខ្ញុំសូមបញ្ជាក់អំពី ការហៅពាក្យបច្ចេកទេស ចំពោះស្ថានភាពអវិភាគលើសិទ្ធិនៃទ្រព្យសម្បត្តិក្រៅពីកម្មសិទ្ធិ (សិទ្ធិលើដី និង សិទ្ធិជួលជាដើម) ហៅថា ឧបកម្មសិទ្ធិអវិភាគ។
(5) អគារសហកម្មសិទ្ធិ
នៅក្នុងអគារលំនៅឋានរួម ដូចជា អគារខុនដូ ជាដើម គឺមានកម្មសិទ្ធិឯករាជ្យជាច្រើនតាមបន្ទប់នីមួយៗ នៅក្នុងអគារតែមួយ។ នេះហៅថា សហកម្មសិទ្ធិ ហើយចំណុចនេះ មានបញ្ញត្តិនៅក្នុង «ច្បាប់ស្តីពីអគារសហកម្មសិទ្ធិ» (ហៅកាត់ថា«ច្បាប់សហកម្មសិទ្ធិ»។ ចូលជាធរមានឆ្នាំ1962 និង វិសោធនកម្មទ្រង់ទ្រាយធំឆ្នាំ1983)។
នៅក្នុងច្បាប់សហកម្មសិទ្ធិនេះបានបែងចែកអគារសហកម្មសិទ្ធិនេះទៅជា ចំណែកឯកជន (បន្ទប់នីមួយៗដែលក្លាយជាកម្មវត្ថុនៃកម្មសិទ្ធិឯករាជ្យ ជាអាទិ៍), និង ចំណែករួម ដែលត្រូវប្រើប្រាស់រួមដោយសហកម្មសិទ្ធិករ, ហើយសិទ្ធិប្រើប្រាស់ដី (ករណីភាគច្រើនគឺកម្មសិទ្ធិ ប៉ុន្តែក៏អាចមានករណីសិទ្ធិលើដី និង សិទ្ធិជួលផងដែរ។ សហកម្មសិទ្ធិករម្នាក់ៗមានសិទ្ធិអវិភាគ ឬឧបកម្មសិទ្ធិអវិភាគទៅតាមភាគរយនៃចំណែកឯកជន) ដែលបានសាងសង់អគារសហកម្មសិទ្ធិនោះចាត់ទុកជាផ្នែកតែមួយនឹងចំណែកឯកជន (សហកម្មសិទ្ធិករ មិនអាចកាត់ផ្តាច់សិទ្ធិនៃចំណែកឯកជន និង សិទ្ធិប្រើប្រាស់ដី ហើយធ្វើការចាត់ចែងទេ)។ ដើម្បីធានានូវស្វ័យភាពរបស់សហកម្មសិទ្ធិករគ្រប់រូប គេបានរៀបចំឱ្យមានគណៈកម្មការគ្រប់គ្រង ហើយគណៈកម្មការនេះត្រូវដំណើរការតាមឆន្ទៈរួមរបស់សហកម្មសិទ្ធិករដែលជាសមាជិក ហើយក៏មានកំណត់អំពីបទបញ្ជានិងវិធីសម្រេចរួមដែរ។
4. សិទ្ធិប្រត្យក្សប្រើប្រាស់អាស្រ័យផលក្រៅពីកម្មសិទ្ធិ
(1) សិទ្ធិលើដី
សិទ្ធិលើដី គឺជាសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ ដើម្បីយកជាកម្មសិទ្ធិនូវសំណង់នានា និង រុក្ខជាតិផ្សេងៗ នៅលើដីរបស់អ្នកដទៃនោះ (មាត្រា265)។ សំណង់សំដៅទៅលើអគារជាអាទិ៍ ហើយសិទ្ធិលើដីនេះផ្តោតសំខាន់ទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ ហេតុនេះ ច្បាប់មិនកម្រិតត្រឹមតែជាកម្មសិទ្ធិលើសំណង់ ឬ រុក្ខជាតិនោះទេ ហើយក៏មិនចាំបាច់ទាល់តែនៅលើដីដោយផ្ទាល់នោះទេ។ ជាទូទៅ សិទ្ធិនេះកើតឡើងតាមរយៈការចុះកិច្ចសន្យាបង្កើតសិទ្ធិលើដីរវាងកម្មសិទ្ធិករ និង អ្នកប្រើប្រាស់ ប៉ុន្តែ ក៏អាចមានការធ្វើលទ្ធកម្មតាមរយៈមតកសាសន៍ និង អាជ្ញាយុកាលនៃលទ្ធកម្មផងដែរ។
សិទ្ធិលើដីមានភាពស្រដៀងគ្នាទៅនឹងសិទ្ធិជួល (នៅក្នុងច្បាប់ស្តីពីការជួលដីជួលផ្ទះ បានហៅសិទ្ធិលើដីដែលមានគោលបំណងយកកម្មសិទ្ធិលើអគារ និង សិទ្ធិជួលអចលនវត្ថុ រួមគ្នាថាជា សិទ្ធិជួលដី)។ ប៉ុន្តែ បើសិនជាយើងនិយាយអំពីចំណុចខុសគ្នាគឺ សិទ្ធិលើដីគឺជាសិទ្ធិប្រត្យក្ស ហេតុនេះ វាជាសិទ្ធិដែលប្រើប្រាស់ដោយផ្ទាល់ចំពោះដីដែលជាកម្មវត្ថុ ប៉ុន្តែ សិទ្ធិជួលដីគឺជាសិទ្ធិលើបំណុល ហេតុនេះ វាជាសិទ្ធិទាមទារប្រើប្រាស់ដីប៉ុណ្ណោះ។ ជាលទ្ធផល សិទ្ធិលើដីត្រូវបានទទួលស្គាល់អំពីការធ្វើអនុប្បទាន និង ការធ្វើសន្តតិកម្ម (ម្ចាស់សិទ្ធិលើដីអាចធ្វើអនុប្បទានសិទ្ធិលើដីនោះទៅឱ្យបុគ្គលផ្សេងដោយសេរី) ប៉ុន្តែ សិទ្ធិជួល ត្រូវបានកម្រិតអំពីការធ្វើអនុប្បទាន (មាត្រា612)។ ម្ចាស់សិទ្ធិលើដីមានសិទ្ធិទាមទារឱ្យចុះបញ្ជីអំពីសិទ្ធិ (អាចទាមទារឱ្យកម្មសិទ្ធិករចុះបញ្ជីអំពីសិទ្ធិលើដី) ប៉ុន្តែ អ្នកជួល មិនអាចទាមទារឱ្យចុះបញ្ជីនោះទេ ប្រសិនបើកម្មសិទ្ធិករមិនបានព្រមព្រៀងអំពីចំណុចនេះ។ បើសិនជាយើងពិនិត្យមើលអំពីបញ្ញត្តិអំពីអំឡុងពេលអត្ថិភាពផ្សេងទៀតក៏ដោយ ក៏សិទ្ធិលើដីនេះ គឺជាសិទ្ធិដែលមានលក្ខណៈខ្លាំង បើប្រៀបធៀបជាមួយនឹងសិទ្ធិជួល។
(2) សិទ្ធិបង្កើនផលអចិន្ត្រៃយ៍
សិទ្ធិបង្កើនផលអចិន្ត្រៃយ៍ គឺជាសិទ្ធិប្រត្យក្សដែលប្រើប្រាស់ដីរបស់អ្នកដទៃ សម្រាប់ធ្វើស្រែចម្ការ និង ចិញ្ចឹមសត្វ។ សិទ្ធិនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងសិទ្ធិលើដី ប៉ុន្តែ ការបង់ថ្លៃឈ្នួលប្រើប្រាស់ដីមានធាតុផ្សំខុសគ្នា (មាត្រា270)។ នៅអំឡុងឆ្នាំ1800 នៃសម័យម៉ីជិ សិទ្ធិនេះត្រូវបានប្រើប្រាស់ច្រើន ប៉ុន្តែ បច្ចុប្បន្ននេះ សិទ្ធិនេះកម្រនឹងយកមកប្រើប្រាស់ណាស់ (ភាគច្រើនបំផុតគឺ គេប្រើប្រាស់សិទ្ធិជួល)។
(3) សេវភាព
សេវភាព គឺជាសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ ដើម្បីផលប្រយោជន៍នៃដីផ្សេងទៀត តាមគោលបំណងជាក់លាក់ (វាក្យខណ្ឌទី1 មាត្រា280)។ ឧទាហរណ៍ កម្មសិទ្ធិករនៃដី «ក» បានបង្កើតសេវភាពឆ្លងកាត់ សម្រាប់ធ្វើដំណើរឆ្លងទៅប្រើប្រាស់ដី «ក» ឬ សេវភាពទាញយកទឹកដែលអូសកាត់ដីរបស់ «ខ» ជាដើម, ក្នុងករណីនេះ យើងហៅ ដី «ក» ជា ដីប្រើ ហើយ ដី «ខ» ជា ដីបម្រើ។ តើសេវភាពមានអ្វីខុសគ្នាទៅនឹងចំណុចស្តីពីទំនាក់ទំនងដីជាប់គ្នាដែលបានសិក្សាមុននេះ? ទំនាក់ទំនងដីជាប់គ្នា គឺជាការកំណត់ត្រឹមកម្រិតអប្បបរិមាទៅលើកម្មសិទ្ធិនៃដីជាប់គ្នាប៉ុណ្ណោះ ហេតុនេះ បើសិនជាការកំណត់នេះមិនគ្រប់គ្រាន់នោះទេ ភាគីអាចចុះកិច្ចសន្យាបង្កើតសេវភាពនេះបាន។ ដោយឡែក សេវភាព អាចធ្វើលទ្ធកម្មដោយអាជ្ញាយុកាល តាមរយៈការប្រើប្រាស់ជាក់ស្តែងជាបន្តបន្ទាប់ (មាត្រា283) ហើយសេវភាព ក៏អាចរលត់ដោយអាជ្ញាយុកាលផងដែរ ប្រសិនបើគ្មានការប្រើប្រាស់សោះក្រោយការបង្កើត (មាត្រា291)។
(4) សិទ្ធិចំពោះទ្រព្យរួមរបស់សមាជិកនៃសហគមន៍
សិទ្ធិចំពោះទ្រព្យរួមរបស់សមាជិកនៃសហគមន៍ សំដៅទៅលើសិទ្ធិប្រត្យក្សតាមច្បាប់ប្រពៃណី ដែលសមាជិកនៅក្នុងសហគមន៍ ឬ ភូមិ អាចប្រើប្រាស់រួមគ្នានូវធនធានព្រៃឈើ ភ្នំ និង ទីវាល ជាអាទិ៍។ ក្រមរដ្ឋប្បវេណីបានទទួលស្គាល់ សិទ្ធិចំពោះទ្រព្យរួមរបស់សមាជិកនៃសហគមន៍ដែលមានលក្ខណៈអវិភាគ (មាត្រា263) និង សិទ្ធិចំពោះទ្រព្យរួមរបស់សមាជិកនៃសហគមន៍ដែលគ្មានលក្ខណៈអវិភាគ (មាត្រា294) ហើយខ្លឹមសារជាក់លាក់ គឺពឹងផ្អែកទៅលើប្រពៃណី។
5. សិទ្ធិកាន់កាប់
(1) សេចក្តីផ្តើម
ខ្ញុំនឹងសរុបខ្លឹមសារទាំងមូលអំពីសិទ្ធិកាន់កាប់ដែលបានលើកឡើងកន្លងមកនៅទីនេះ។ សូមរំលឹកឡើងវិញបន្តិចថា ទោះបីជាសិទ្ធិកាន់កាប់ គឺជាសិទ្ធិប្រត្យក្សក៏ដោយ ក៏សិទ្ធិនេះខុសគ្នាទាំងស្រុងទៅនឹងសិទ្ធិប្រត្យក្សផ្សេងទៀតផងដែរ (កម្មសិទ្ធិ និង សិទ្ធិប្រត្យក្សដែលត្រូវបានកម្រិតផ្នែកខ្លះ)។ ក្រមរដ្ឋប្បវេណីបានរៀបចំឡើងហាក់បីដូចជាមានអត្ថិភាព «សិទ្ធិកាន់កាប់» ប៉ុន្តែ កម្មវត្ថុពិតប្រាកដដែលត្រូវបានការពារដោយច្បាប់ គឺស្ថានភាពជាក់
ស្តែងនៃ «ការកាន់កាប់»។ ការគ្រប់គ្រងទៅលើវត្ថុជាក់លាក់ណាមួយ គឺត្រូវទទួលការការពារដោយច្បាប់ ក្នុងនាមជាការកាន់កាប់។ ក្នុងករណីនេះ យើងមិនពិចារណាថា បុគ្គលដែលកំពុងតែកាន់កាប់នោះ មានសិទ្ធិប្រត្យក្សដែលអាចគ្រប់គ្រងវត្ថុ (ហៅថា សិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្តិ) ដោយជាក់ស្តែងនោះទេ (ដូចនេះ អាចមានករណីខ្លះអ្នកកាន់កាប់បានទទួលការការពារ ដោយប្រើប្រាស់បណ្តឹងដែលផ្អែកលើសិទ្ធិកាន់កាប់ (រៀបរាប់នៅពេលក្រោយ) ប៉ុន្តែ ចាញ់ក្តី នៅក្នុងបណ្តឹងអំពីសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្តវិញ)។
(2) ការកកើតនៃការកាន់កាប់
ការកាន់កាប់ សំដៅទៅលើ «ការក្តាប់ទុកវត្ថុ ដោយមានឆន្ទៈសម្រាប់ខ្លួនឯង» (មាត្រា180)។ យោងតាមនិយមន័យនេះ នៅក្នុងការកាន់កាប់មានធាតុផ្សំ 2 គឺ ការក្តាប់ទុក ឬ គ្រប់គ្រងវត្ថុជាក់ស្តែង (នេះហៅថា ធាតុសត្យានុម័តនៃការកាន់កាប់) និង មានឆន្ទៈសម្រាប់ខ្លួនឯង (នេះហៅថា ធាតុអត្តនោម័តនៃការកាន់កាប់)។ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ននេះ មានឆន្ទៈសម្រាប់ខ្លួនឯងនេះ ត្រូវបានបកស្រាយយ៉ាងទូលាយ ហើយគេគិតថា បើបុគ្គលណាម្នាក់ស្ថិតក្នុងគោលជំហរក្នុងការទទួលផលប្រយោជន៍សម្រាប់ខ្លួនឯងដោយផ្ទាល់ក្តី ឬ ដោយប្រយោលក្តី គឺត្រូវបានទទួលស្គាល់ថាបុគ្គលនោះ មានឆន្ទៈសម្រាប់ខ្លួនឯងជាដរាប។ ការក្តាប់ទុកវត្ថុ មិនសំដៅតែទៅលើការចាប់កាន់វត្ថុនោះទេ ប៉ុន្តែ គ្រាន់តែស្ថិតក្នុងស្ថានភាពមួយដែលសង្គមជាទូទៅមើលឃើញថា បុគ្គលនោះកំពុងតែគ្រប់គ្រងវត្ថុនោះគឺគ្រប់គ្រាន់ហើយ (ឧទាហរណ៍ វត្ថុដែលបានទុកនៅផ្ទះរបស់ម្ចាស់ដែលកំពុងធ្វើដំណើរកំសាន្ត ក៏ការកាន់កាប់កើតឡើងដែរ)។ ការក្តាប់ទុកវត្ថុនេះ អាចធ្វើឡើងតាមរយៈអ្នកតំណាង ឬ អ្នកជំនួយបាន ដូចមានរៀបរាប់ពេលក្រោយ។ ប៉ុន្តែ ប្រសិនបើការក្តាប់ទុកវត្ថុកាន់កាប់ក្នុងន័យខាងលើនេះបាត់បង់ នោះសិទ្ធិកាន់កាប់ក៏រលត់ដែរ (វាក្យខណ្ឌទី1 មាត្រា203)។
(3) បែបយ៉ាងនៃការកាន់កាប់
① ការកាន់កាប់ដោយខ្លួនឯង និង ការកាន់កាប់ដោយតំណាង
ការកាន់កាប់ដែលអ្នកកាន់កាប់ក្តាប់ទុកវត្ថុដោយខ្លួនឯង គឺជា ការកាន់កាប់ដោយខ្លួនឯង ចំណែកឯ ការឱ្យអ្នកតំណាងកាន់កាប់ក្តាប់ទុកវត្ថុជំនួស គឺជា ការកាន់កាប់ដោយតំណាង (មាត្រា181)។ ឧទាហរណ៍នៃការជួលផ្ទះ យើងអាចនិយាយថា អ្នកកាន់កាប់ដោយផ្ទាល់ គឺជាអ្នកជួល ហើយអ្នកឱ្យជួលកាន់កាប់ដោយប្រយោល។ នៅក្នុងករណីនេះ ទោះបីក្រមរដ្ឋប្បវេណីហៅអ្នកតំណាងកាន់កាប់ថា «អ្នកតំណាង» ក៏ដោយ ប៉ុន្តែវាមានលក្ខណៈខុសគ្នាទៅនឹងពាក្យអ្នកតំណាងតាមរយៈការបង្ហាញឆន្ទៈ (បុគ្គលដែលទទួលបានសិទ្ធិតំណាងពីម្ចាស់សិទ្ធិ) ដែលមានកំណត់ចាប់ពីមាត្រា99 នៃក្រមរដ្ឋប្បវេណី។ គ្រាន់តែនៅក្នុងទំនាក់ទំនងជាក់ស្តែងនៃការកាន់កាប់វត្ថុនេះ អ្នកតំណាងកាន់កាប់ជំនួសមានទំនាក់ទំនងជាក់លាក់ជាមួយម្ចាស់សិទ្ធិ ហើយកំពុងកាន់កាប់ដោយមានឆន្ទៈដើម្បីម្ចាស់សិទ្ធិប៉ុណ្ណោះ គឺគ្រាប់គ្រាន់ហើយ។ ដោយឡែក ករណីអ្នកបម្រើការងារក្នុងផ្ទះ និង បុគ្គលិកហាងទំនិញ ជាដើម គឺជាអ្នកជំនួយកាន់កាប់ (បុគ្គលដែលជួយជាដៃជាជើងក្នុងការកាន់កាប់ដល់ម្ចាស់សិទ្ធិ) ហើយការកាន់កាប់ដោយតំណាងមិនកើតឡើងនោះទេ។
② ការកាន់កាប់យកជារបស់ខ្លួន និង ការកាន់កាប់មិនយកជារបស់ខ្លួន
ការកាន់កាប់ដែលអ្នកកាន់កាប់មាន «ឆន្ទៈយកជាកម្មសិទ្ធិ» ហៅថា ការកាន់កាប់យកជារបស់ខ្លួន ហើយការកាន់កាប់ក្រៅពីនេះ ហៅថា ការកាន់កាប់មិនយកជារបស់ខ្លួន (មាត្រា185)។ ការបែងចែកនេះ មានអត្ថប្រយោជន៍ចំពោះអាជ្ញាយុកាលនៃលទ្ធកម្ម (មាត្រា162) និង ការកាន់កាប់មុននៃវត្ថុដែលគ្មានម្ចាស់ (មាត្រា239) ដែលធ្លាប់បានសិក្សាកន្លងមក។
ចំពោះបុគ្គលដែលបានទិញវត្ថុ មានការកាន់កាប់យកជារបស់ខ្លួន ហើយចំពោះអ្នកជួលវិញ ពុំមានការកាន់កាប់យកជារបស់ខ្លួននោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកជួលបានទិញយកវត្ថុដែលជួលនោះ ក្នុងករណីនេះ ការកាន់កាប់មិនយកជារបស់ខ្លួន ត្រូវក្លាយជាការកាន់កាប់យកជារបស់ខ្លួន ដោយសារការកាន់កាប់ផ្អែកលើសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្តថ្មី (មាត្រា185)។ នៅក្នុងយុត្តិសាស្ត្រថ្មីៗនេះបានបកស្រាយថា សន្តតិកម្មក៏ក្លាយជាមូលហេតុនៃសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្តថ្មីដែរ។
(4) លទ្ធកម្មនៃសិទ្ធិកាន់កាប់
ការកាន់កាប់រួមមាន ការកាន់កាប់ដោយលទ្ធកម្មតាំងពីដំបូង និងការកាន់កាប់ដោយលទ្ធកម្មបន្តពីម្ចាស់មុន។ ការរើសបានវត្ថុបាត់ ជាអាទិ៍ គឺជាការកាន់កាប់ដោយលទ្ធកម្មតាំងពីដំបូង ប៉ុន្តែ ការកាន់កាប់ដោយលទ្ធកម្មបន្តពីម្ចាស់មុនមានសារសំខាន់ជាង មានន័យថា អ្នកកាន់កាប់ថ្មីធ្វើលទ្ធកម្មបន្តនូវការកាន់កាប់ដែលមានសភាពដូចគ្នានឹងការកាន់កាប់របស់ម្ចាស់មុន ដូចជាតាមរយៈកិច្ចសន្យាលក់ទិញជាដើម។ លទ្ធកម្មបន្តនេះ បូករួមទាំងការធ្វើលទ្ធកម្មតាមសន្តតិកម្មផងដែរ។
ចំពោះការធ្វើលទ្ធកម្មបន្ត អ្នកកាន់កាប់អាចអះអាងអំពីការកាន់កាប់របស់ម្ចាស់មុនក៏បាន ឬ អះអាងអំពីការកាន់កាប់របស់ខ្លួនដែលកើតឡើងថ្មីក៏បាន (មាត្រា187 កថាខណ្ឌទី1)។ ប៉ុន្តែ បើសិនជាអះអាងអំពីការកាន់កាប់របស់ម្ចាស់មុន ក្នុងករណីនេះ អ្នកកាន់កាប់ថ្មីត្រូវទទួលបន្តនូវវិការៈ (ទុច្ចរិត និង កំហុស ជាអាទិ៍) នៃការកាន់កាប់របស់ម្ចាស់មុនផងដែរ (មាត្រា187 កថាខណ្ឌទី2)។
(5) អានុភាពនៃការកាន់កាប់
① សិទ្ធិទាមទារឱ្យការពារការកាន់កាប់
នៅពេលទទួលរងការរារាំងការកាន់កាប់ពីបុគ្គលដទៃ អ្នកកាន់កាប់អាចទាមទារឱ្យបញ្ឈប់ការរារាំងនោះ តាមបណ្តឹងដោយផ្អែកលើការកាន់កាប់បាន ទោះបីជាការកាន់កាប់នោះធ្វើឡើង ឬមិនបានធ្វើឡើងដោយផ្អែកលើសិទ្ធិត្រឹមត្រូវក៏ដោយ (ចាប់ពីមាត្រា197)។ បណ្តឹងដោយផ្អែកលើការកាន់កាប់មាន 3ប្រភេទ គឺ បណ្តឹងទាមទារឱ្យបញ្ឈប់ការរារាំង បណ្តឹងទាមទារឱ្យបង្ការជាមុននូវការរារាំង និង បណ្តឹងទាមទារឱ្យប្រគល់វិញ។
បណ្តឹងដោយផ្អែកលើការកាន់កាប់ គឺជាសិទ្ធិបញ្ឈប់ការរារាំងចំពោះការកាន់កាប់វត្ថុជាក់ស្តែង ហេតុនេះហើយ វាគ្មានទំនាក់ទំនងនឹងបណ្តឹងដោយផ្អែកលើសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្តនោះទេ (ការបញ្ឈប់ការរារាំងដោយផ្អែកកម្មសិទ្ធិ ជាអាទិ៍, មាត្រា202 កថាខណ្ឌទី1)។ ដូចនេះ បុគ្គលតែម្នាក់អាចដាក់បណ្តឹងដោយផ្អែកលើការកាន់កាប់ផង និង បណ្តឹងដោយផ្អែកលើសិទ្ធិដែលនាំឱ្យមានមូលហេតុគតិយុត្តផង ព្រមគ្នាបាន។
② ការសន្មតនៃសិទ្ធិ
អ្នកកាន់កាប់ ត្រូវបានសន្មតថា មានសិទ្ធិដែលជាមូលហេតុស្របច្បាប់នៃការកាន់កាប់ចំពោះវត្ថុកាន់កាប់ (មាត្រា188)។ ឧទាហរណ៍ បុគ្គលដែលអះអាងថាខ្លួនជាកម្មសិទ្ធិករ នឹងត្រូវសន្មតថាជាកម្មសិទ្ធិករ ដោយគ្រាន់តែបញ្ជាក់អំពីអង្គហេតុនៃការកាន់កាប់ប៉ុណ្ណោះ ហេតុនេះ បុគ្គលដែលមានវិវាទអំពីចំណុចនេះ ត្រូវតែបញ្ជាក់ថាអ្នកកាន់កាប់នោះគ្មានកម្មសិទ្ធិទេ។ ប៉ុន្តែ ចំពោះអចលនវត្ថុវិញ យើងបានសិក្សាររួចហើយថា អានុភាពសន្មតនៃការចុះបញ្ជីគឺមានអាទិភាពជាង ហេតុនេះហើយ អានុភាពសន្មតនៃការកាន់កាប់នេះអាចអនុវត្តបានចំពោះតែអចលនវត្ថុដែលមិនទាន់ចុះបញ្ជីប៉ុណ្ណោះ។
③ សិទ្ធិទទួលផលរបស់អ្នកកាន់កាប់សុចរិត
ឧទាហរណ៍ បុគ្គលដែលបានកាន់កាប់ដីដោយភាន់ច្រឡំថាខ្លួនមានកម្មសិទ្ធិ ទាំងដែលខ្លួនគ្មានកម្មសិទ្ធិ អាចប្រមូលផលផ្លែប៉ោមដែលដាំនៅលើដីនោះបាន។ នេះហៅថា សិទ្ធិទទួលផលរបស់អ្នកកាន់កាប់សុចរិត (មាត្រា189 កថាខណ្ឌទី1)។ ដោយសារតែ ការអនុញ្ញាតឱ្យម្ចាស់សិទ្ធិពិតប្រាកដទាមទារឱ្យអ្នកកាន់កាប់សុចរិតសងផលនៅពេលក្រោយនេះ វាហួសហេតុពេក។ ផលស៊ីវិលដែលជាថ្លៃឈ្នួល ត្រូវអនុវត្តដូចគ្នាផងដែរ។